រីយ៉ាដ៖ អ៊ីរ៉ង់បានបានប្រកាសបើកដំណើរការស្ថានទូតរបស់ខ្លួនវិញជាផ្លូវកា របស់ខ្លួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីបិទរយៈពេល៧ឆ្នាំ បន្ទាប់ពីប្រទេសទាំងពីរបានយល់ព្រមស្តារទំនាក់ទំនងទ្វេភាគីឡើងវិញក្រោមកិច្ចព្រមព្រៀងសន្តិភាពរួចរាល់ហើយ ក្នុងទីក្រុងប៉េកាំងនាពេលកន្លងមក។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ មិថុនា ឆ្នាំ២០២៣។

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Alireza Bigdeli បានថ្លែងសុន្ទរកថាក្នុងពិធីបើកដំណើរការស្ថានទូតនៅរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត ដោយលើកឡើងពីសារៈសំខាន់នៃឱកាសសម្រាប់ទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់។

លោកបានបន្ថែមថា ការទូតគឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ការទំនាក់ទំនង និងការសន្ទនារវាងប្រទេសនានា ដើម្បីឈានទៅដល់ការយល់ដឹងរួម ស្ថិរភាព និងសន្តិភាព។ មន្ត្រីអ៊ីរ៉ង់បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់តែងតែមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង ដោយឈរលើគោលការណ៍នៃភាពជាអ្នកជិតខាងដ៏ល្អ។

លោក Bigdeli ក៏បានកត់សម្គាល់ផងដែរថា ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគទៅវិញទៅមក នឹងនាំឱ្យប្រទេសនានាកាន់តែខិតជិតគ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

កាលពីខែមីនា អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងនៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញ និងបើកស្ថានទូត និងបេសកកម្មរបស់ពួកគេឡើងវិញ។

យោងតាមសេចក្តីថ្លែងការណ៍ត្រីភាគីដែលចេញរួមគ្នាដោយប្រទេសចិន អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការដោះស្រាយការខ្វែងគំនិតគ្នារបស់ពួកគេតាមរយៈការសន្ទនា និងការទូត ហើយចំពោះទំនាក់ទំនងជាបងប្អូន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោលបំណងនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និង អង្គការនៃកិច្ចសហប្រតិបត្តិការឥស្លាម និងអនុសញ្ញាអន្តរជាតិ និងបទដ្ឋាននានា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ