អាកាសយានដ្ឋានទីក្រុងកាប៊ុលបើកដំណើរការឡើងវិញដើម្បីទទួលបានជំនួយឧបត្ថម្ភ ស្របពេលការហោះហើរក្នុងស្រុកចាប់ផ្តើមឡើងវិញ
កាប៊ុល៖ ក្រុមហ៊ុនអាកាសចរណ៍ Ariana Afghan បានចាប់ផ្តើមដំណើរការជើងហោះហើរមួយចំនួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រវាងទីក្រុងកាប៊ុលនិងទីក្រុងសំខាន់ៗចំនួន ៣ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីក្រុមបច្ចេកទេសមកពីប្រទេសកាតាបានបើកព្រលានយន្តហោះរដ្ឋធានីឡើងវិញ សម្រាប់ទទួលបានជំនួយឧបត្ថម្ភ និងសេវាកម្មក្នុងស្រុក។
ក្រុមហ៊ុនអាកាសចរណ៍នេះ បានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ការហោះហើររវាងទីក្រុងកាប៊ុលនិងទីក្រុង Herat ភាគខាងលិច, Mazar-i Sharif នៅភាគខាងជើងអាហ្វហ្គានីស្ថាន និង Kandahar នៅភាគខាងត្បូង បានចាប់ផ្តើមហើយ។ ក្រុមហ៊ុននេះបានក៏បាននិយាយដែរថា “ក្រុមហ៊ុនអាកាសចរណ៍ Ariana Afghan មានមោទនភាពក្នុងការបន្តជើងហោះហើរក្នុងស្រុករបស់ខ្លួនឡើងវិញ” ។
មុននេះ ឯកអគ្គរដ្ឋទូតកាតាប្រចាំប្រទេសអាហ្វហ្គានីស្ថានបាននិយាយថា ក្រុមបច្ចេកទេសអាចបើកឡើងវិញនៃអាកាសយានដ្ឋានទីក្រុងកាប៊ុលដើម្បីទទួលបានជំនួយឧបត្ថម្ភ នេះបើយោងតាមបណ្តាញព័ត៌មាន Al Jazeera របស់កាតាបានចេញផ្សាយ។
ម្យ៉ាងវិញទៀត យោងតាមសារព័ត៌មាន Al Jazeera ឯកអគ្គរដ្ឋទូតបាននិយាយថា ផ្លូវរត់របស់អាកាសយានដ្ឋានត្រូវបានជួសជុលដោយសហការជាមួយអាជ្ញាធរនៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងជំហានតូចមួយបន្ថែមទៀតឆ្ពោះទៅរកការវិលត្រឡប់មករកភាពប្រក្រតីវិញ បន្ទាប់ពីមានភាពច្របូកច្របល់អស់រយៈពេលបីសប្តាហ៍ចុងក្រោយនេះ។
គួររំលឹកថា ការបើកព្រលានយន្តហោះឡើងវិញដែលជាខ្សែជីវិតដ៏សំខាន់មួយជាមួយពិភពខាងក្រៅនិងនៅទូទាំងទឹកដីរបស់អាហ្វហ្គានីស្ថាន គឺជាអាទិភាពខ្ពស់សម្រាប់ពួកតាលីបង់ ខណៈពួកគេស្វែងរកការស្តារសណ្តាប់ធ្នាប់ឡើងវិញ បន្ទាប់ពីបានវាយយកទីក្រុងកាប៊ុលកាលពីថ្ងៃទី ១៥ ខែសីហា។ NR