នូវែលសេឡង់ រំពឹងថា កិច្ចសហការលើការធ្វើដំណើរ (travel bubble) របស់អូស្រ្តាលីនឹងនៅតែបើកចំហ បើទោះបីជាមានករណីវីរុសថ្មីក៏ដោយ
នូវែលសេឡង់៖ អាជ្ញាធរនូវែលសេឡង់បានរាយការណ៍កាលពីថ្ងៃអង្គារថា កម្មករម្នាក់នៅអាកាសយានដ្ឋាន Auckland បានធ្វើតេស្តិ៍វិជ្ជមានលើជំងឺកូវីដ១៩ ប៉ុន្តែមានការសង្ស័យថាតើករណីថ្មីនេះនឹងជាហេតុផលបង្អាក់ក្នុងការធ្វើដំណើរដោយគ្មានការធ្វើចត្តាឡីស័កជាមួយអូស្ត្រាលីឬទេ។
អូស្រ្តាលីនិងនូវែលសេឡង់បានបើកកិច្ចសហការលើការដំណើរដោយអនុលោមតាមកិច្ចសន្យា នៅថ្ងៃច័ន្ទ បន្ទាប់ពីប្រទេសទាំងពីរបានបិទព្រំដែននៅ ខែមីនា ឆ្នាំ២០២០ ចំពោះប្រជាជន ដែលរស់នៅជាអចិន្ត្រៃយ៍ ក្នុងគោលបំណងដើម្បីទប់ទល់នឹងជំងឺរាតត្បាត។
នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern បានប្រាប់អ្នកយកព័ត៌មាននៅ Auckland ថា កម្មករដែលបំរើការផ្នែកសម្អាតនៅក្នុងអាកាសយានដ្ឋាន Auckland ដែលឆ្លងជំងឺនេះត្រូវបានចាក់វ៉ាក់សាំងពេញលេញសម្រាប់វីរុសនេះរួចហើយ។
លោកស្រីបានបន្ថែមទៀតថា កម្មករម្នាក់នេះបានធ្វើតេស្តិ៍អវិជ្ជមានកាលពីថ្ងៃទី ១២ ខែមេសា ប៉ុន្តែកាលពីថ្ងៃច័ន្ទ បានធ្វើតេស្តម្ដងទៀត ហើយលទ្ធផលរកឃើញថា គាត់វិជ្ជមានកូវីដ១៩ ។
គួររំលឹកថា ប្រទេសអូស្រ្តាលី មានករណីឆ្លងវីរុសកូវីដ១៩ ចំនួនជាង ២៩.៥០០ ករណី និងមានអ្នកស្លាប់ ៩១០ នាក់ប៉ុណ្ណោះ ចាប់តាំងពីការរាតត្បាតចាប់ផ្តើម ខណៈប្រទេសនូវែលហ្សេឡង់មានតែ ករណីឆ្លងជាង ២.២០០ ករណី និងមានអ្នកស្លាប់ចំនួន ២៦ នាក់។