នាយករដ្ឋមន្ត្រីជប៉ុនថានឹងដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរឡើងវិញ ក្រោយបង្អាក់ដំណើរការជាង១០ឆ្នាំ
តូក្យូ៖ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានទៅធ្វើទស្សនកិច្ចទៅកាន់តំបន់ដែលរងគ្រោះ ដោយគ្រោះរញ្ជួយដី និងមហារលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១កន្លងទៅ ដោយក្នុងនោះដែរ លោកក៏បានទៅទស្សនារោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ផងដែរ។ នេះជាលើកទី១ ហើយដែលលោកបានទៅតំបន់នេះក្នុងឋានៈជានាយករដ្ឋមន្ត្រី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារ SCMP៕
រោងចក្រថាមពលនុយក្លេអ៊ែរនេះហើយ ត្រូវបានរងគ្រោះបំផ្លិចបំផ្លាញដោយរលកយក្សចំនួន ២លើក ដែលបណ្ដាលឱ្យមានការលេចធ្លាយសារធាតុវិទ្យុសកម្មនុយក្លេអ៊ែរចេញពីម៉ាស៊ីនរ៉េអាកទ័រនុយក្លេអ៊ែរនៅរោងចក្រនោះ។ ក្រោយមក កាកសំណល់វិទ្យុសកម្មដែលនៅសេសសល់ទាំងនេះត្រូវបានបោសសម្អាត ដែលនឹងត្រូវការរយៈពេលរាប់សិបឆ្នាំខាងមុខទៀត។
លោកនាយករដ្ឋមន្ត្រី Kishida បានទៅគោរពវិញ្ញាណក្ខន្ធដល់អ្នកដែលបានបាត់បង់ជីវិតដោយគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់មួយ ដែលបានកើតឡើងកាលពី ១០ឆ្នាំមុន។
យ៉ាងណាមិញ លោកក៏មានបំណងបើកដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរឡើងវិញដែរ ដោយលោកយោងលើហេតុផលថា នុយក្លេអ៊ែរអាចជួយបំពេញបន្ថែមដល់ថាមពលកកើតឡើងវិញនៅប្រទេសជប៉ុន។