ទិន្នផលឧស្សាហកម្មរបស់វៀតណាមធ្លាក់ចុះ១.៨ភាគរយ អំឡុងខែមករា ដល់ខែមេសា ដោយសារការនាំចេញធ្លាក់ចុះ
បរទេស៖ ទិន្នផលឧស្សាហកម្មរបស់វៀតណាម ក្នុងអំឡុងខែមករា ដល់ខែមេសា ឆ្នាំ២០២៣ បានធ្លាក់ចុះ១.៨ភាគរយ បើធៀបនឹងឆ្នាំមុន ដោយសារតែការនាំចេញ និងសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន The Star នៅថ្ងៃទី១២ ឧសភា ឆ្នាំ២០២៣។
ប្រទេសវៀតណាមបានរាយការណ៍ពីការធ្លាក់ចុះ១៣ភាគរយ នៃទិន្នផលស្មាតហ្វូននៅត្រឹម៦១.៣លានគ្រឿង ក្នុងរយៈពេល៤ខែដំបូងឆ្នាំនេះ បើធៀបនឹងឆ្នាំមុន ខណៈដែលការនាំចេញស្មាតហ្វូន ដែលជាកម្លាំងចលករស្រូបទាញប្រាក់ចំណូលច្រើនជាងគេរបស់វៀតណាម បានធ្លាក់ចុះ១៧.៣ភាគរយ មកត្រឹម១៧.៤ពាន់លានដុល្លារ។
ទន្ទឹមគ្នា ការនាំចេញគ្រឿងសង្ហារឹមបានធ្លាក់ចុះ៣១.៣ភាគរយ សម្លៀកបំពាក់១៩.៣ភាគរយ និងស្បែកជើង១៦.៣ភាគរយ។ នេះបើយោងតាមទិន្នន័យផ្លូវការ។ នាយកដ្ឋានស្ថិតិបានបញ្ជាក់ថា ការនាំចេញសរុបក្នុងអំឡុងខែមករា ដល់ខែមេសាឆ្នាំនេះ បានធ្លាក់ចុះ១១.៨ភាគរយ បើធៀបនឹងឆ្នាំមុន នៅត្រឹម១០៨.៦ពាន់លានដុល្លារ៕