អាជ្ញាធររកឃើញកម្មការិនី៦៧នាក់ នៅរោងចក្រខាលីនតុន ស្រុកជើងព្រៃ ដែលប៉ះពាល់ជាមួយប្រពន្ធអ្នកស្លាប់ដោយសារជំងឺកូវីដ១៩
3 ឆ្នាំ មុន
(កំពង់ចាម)៖ អាជ្ញាធររកឃើញកម្មការិនីរោងចក្រខាលីនតុន នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ចំនួន៦៧នាក់ ដែលប៉ះពាល់ជាមួយស្ដ្រីឈ្មោះ ញ៉ិល រដ្ឋា ប្រពន្ធអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ (ឈ្មោះ រស់ មាស)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកជើងព្រៃ។
រដ្ឋបាលស្រុកជើងព្រៃ ក៏សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធប្រយោលទាំង៦៧នាក់ ដែលមន្ដ្រីសុខាភិបាលស្រុកបានយកសំណាករួចហើយនោះ ត្រូវបន្ដធ្វើចត្ដាឡីស័កនៅផ្ទះរៀងៗខ្លួន រយៈពេល១៤ថ្ងៃ ក្នុងករណីមានអាការៈសុខភាពមិនប្រក្រតី ត្រូវរាយការណ៍ជូនមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកស្រុកនៅក្បែរផ្ទះ។
សូមជម្រាបថា រដ្ឋបាលស្រុកជើងព្រៃ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវបង្កើននូវការប្រុងប្រយ័ត្ន និងសូមតាមដានសុខភាពជាប្រចាំ ហើយក្នុងករណីសង្ស័យត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។