មិចស៊ីកូ៖ ក្រុមខ្មាន់កាំភ្លើងបានបើកការវាយប្រហារនៅក្នុងបារកម្សាន្តមួយកន្លែង ស្ថិតក្នុងទីក្រុង Irapuato ភាគកណ្តាលប្រទេសម៉ិកស៉ិក បណ្តាលឱ្យបុរស៦នាក់ និងស្រ្តី៦នាក់ បាត់បង់ជីវិត ហើយនេះគឺជាករណីបាញ់ប្រហារទ្រង់ទ្រាយធំលើកទី២ នៅរដ្ឋក្វាណាជូតូ (Guanajuato) ក្នុងរយៈពេលមិនដល់១ខែឡើយ។ នេះបើយោងតាមការចុះផ្សាយដោយទៅភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ តុលា ២០២២។

រដ្ឋបាលទីក្រុង Irapuato បានឱ្យដឹងបន្ថែមថា ក្រៅពីមនុស្សស្លាប់ ក៏មាន៣នាក់ផ្សេងទៀត រងរបួសផងដែរ ខណៈកងកម្លាំងសន្តិសុខ កំពុងព្យាយាមតាមស្វែងរក និងចាប់ខ្លួនក្រុមជនបង្ក។ 

ដោយឡែក សកម្មភាពបាញ់ប្រហារ គឺមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋក្វាណាជូតូ ដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំមួយ សម្រាប់ក្រុមហ៊ុនរថយន្តល្បីៗរបស់ពិភពលោក បានក្លាយជាទីលានប្រយុទ្ធគ្នាដ៏សាហាវ រវាងពួកឧក្រិដ្ឋជនគ្រឿងញៀន។

គួររម្លឹកថា កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងទៅ ក្រុមខ្មាន់កាំភ្លើង បានបាញ់សម្លាប់មនុស្ស១០នាក់ ក្នុងការវាយប្រហារនៅបារកម្សាន្តមួយកន្លែង ក្នុងទីក្រុងតារីម៉ូរ៉ូ (Tarimoro) នៃរដ្ឋក្វាណាជូតូ ពោលគឺនៅចម្ងាយប្រហែលជិត១០០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃទីក្រុង Irapuato ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ