វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានអំពាវនាវឱ្យក្រុមហាម៉ាស់ទទួលយក “បទឈប់បាញ់ជាបន្ទាន់” ជាមួយអ៊ីស្រាអែល ខណៈដែលប្រតិភូក្រុមសកម្មប្រយុទ្ធនេះ បានជួបជាមួយអ្នកសម្រុះសម្រួលកាតា និងអេហ្ស៊ីប នៅរដ្ឋធានីទីក្រុងគែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ០៦ មីនា ២០២៣។
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកាតា លោក Mohammed bin Abdulrahman Al-Thani ក្នុងទីក្រុងវ៉ាស៊ីនតោន លោក Blinken បានបញ្ជាក់ថា យើងមានឱកាសមួយសម្រាប់បទឈប់បាញ់ជាបន្ទាន់ ដែលអាចនាំចំណាប់ខ្មាំងមកផ្ទះវិញ, ដែលអាចបង្កើនជំនួយមនុស្សធម៌ដល់ប៉ាឡេស្ទីន ហើយក៏អាចកំណត់លក្ខខណ្ឌសម្រាប់ដំណោះស្រាយបទឈប់បាញ់យូរអង្វែង។
ប៉ុន្តែលោកថា បញ្ហានេះគឺស្ថិតលើក្រុមហាម៉ាស់ ដែលជាអ្នកសម្រេចចិត្ត ថាតើពួកគេបានត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមបទឈប់បាញ់នោះឬអត់។ បន្ថែមលើនេះ លោក Blinken ក៏បានអំពាវនាវដល់អ៊ីស្រាអែល ឱ្យបើកផ្លូវនាំយកជំនួយមនុស្សធម៌បន្ថែមទៀត ចូលទៅក្នុងតំបន់ហ្គាហ្សា ដែលរងការវាយប្រហារដោយសង្រ្គាម និងការព្រមានពីការកើនឡើងភាពអត់ឃ្លាន។
រីឯលោក Al-Thani ដែលជាអ្នកសម្រុះសម្រួលសំខាន់លើកិច្ចព្រមព្រៀងនេះ សន្យាថា នឹងតស៊ូដើម្បីប្រាកដថា បទឈប់បាញ់នឹងកើតឡើង។ នាយករដ្ឋមន្រ្តីកាតារូបនេះបន្ថែមថា យើងចង់នាំមកនូវសន្តិភាព… យើងចង់ឃើញការបញ្ចប់ភាពរងទុក្ខវេទនាផ្នែកមនុស្សធម៌ ជាពិសេសយើងចង់ឃើញចំណាប់ខ្មាំងវិលត្រឡប់ទៅជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេវិញ៕