វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានធ្វើដំណើរសាជាថ្មីទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងគោលបំណងព្យាយាមបញ្ឈប់ជម្លោះដ៏ដ៏បំផ្លិចបំផ្លាញ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃទី០៥ កុម្ភ: ២០២៣។

កំលុងបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ា លោក ប្លីងគែន នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល អេហ្ស៊ីប និងកាតា។ លោក ប្លីងគែន បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍មុន បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីកាតាថា មានក្តីសង្ឃឹមពិតប្រាកដ ដើម្បីទទួលជោគជ័យ ព្រោះជាសំណើល្អ និងរឹងមាំ។ ជាមួយគ្នានេះ ភាគីកាតាក៏បានសម្តែងសុទិដ្ឋិនិយមផងដែរ បើទោះបីជាក្រុមហាម៉ាស់និយាយថា មិនទាន់មានកិច្ចព្រមព្រៀងទេ។

សំណើដែលលោក ប្លីងគែន បាននិយាយខាងលើនេះ បានព្រាងឡើងកំលុងកិច្ចពិភាក្សាកាលពីមួយសប្តាហ៍មុននៅទីក្រុងប៉ារីស ដែលពាក់ព័ន្ធនឹងប្រធានទីភ្នាក់ងារ CIA និងមន្ត្រីអ៊ីស្រាអែល កាតា និងអេហ្ស៊ីប។ សំណើនោះ អំពាវនាវឱ្យផ្អាកការប្រយុទ្ធគ្នារយៈពេល ៦សប្តាហ៍ដំបូង ហើយក្រុមហាម៉ាស់ត្រូវដោះលែងចំណាប់ខ្មាំង ដែលពួកគេបានចាប់កាលពីថ្ងៃទី៧ ខែតុលា ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន។

គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនេះដែរ មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាកាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុន ក្នុងទីក្រុង Tel Aviv ដើម្បីទាមទារឱ្យមានវិធានការជាបន្ទាន់ ដើម្បីដោះលែងចំណាប់ខ្មាំង ក៏ដូចជាការបោះឆ្នោតមុនកាលកំណត់ ខណៈដែលពួកគេបានថ្កោលទោសចំពោះអសមត្ថភាព នៃដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ