ប្រមុខការទូតកំពូលចិន និងសហរដ្ឋអាមេរិកពិភាក្សាគ្នា អំពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស
ប៉េកាំង៖ អ្នកការទូតកំពូលមកពីប្រទេសចិន និងសហរដ្ឋអាមេរិក បានពិភាក្សាគ្នាអំពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទក្នុងថ្ងៃពុធនេះ ខណៈដែលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនបានព្រមព្រៀងគ្នាពន្លត់ភ្លើងសង្គ្រាមនេះ។ បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ ធ្នូ ២០២៣។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានរំលឹកឡើងវិញ នូវភាពចាំបាច់របស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការការពារជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស មិនឱ្យរីករាលដាល នេះបើយោងតាមក្រសួងការបរទេសអាមេរិក។ ចំណែករដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស អាទិភាពកំពូលគឺបង្កើតបទឈប់បាញ់ និងបញ្ចប់សង្រ្គាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
បន្ថែមលើនេះ លោក វ៉ាង បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ប្រទេសចិន សម្រាប់ដំណោះស្រាយរដ្ឋពីរក្នុងជម្លោះនេះ ហើយបានសង្កត់ធ្ងន់ថា ការចាត់ចែងណាមួយដែលពាក់ព័ន្ធនឹងអនាគតរបស់ប៉ាឡេស្ទីន ត្រូវតែឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនប៉ាឡេស្ទីនផ្ទាល់។ លោកថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយគ្រប់ភាគី ដើម្បីខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមនេះ។
អាជ្ញាធរក្រុមហាម៉ាសប៉ាឡេស្ទីន បានបញ្ជាក់ថា តួលេខចុងក្រោយបង្អស់នៃមនុស្សបាត់បង់ជីវិតនៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប ដោយសារសង្រ្គាមជាមួយអ៊ីស្រាអែល បានបន្តកើនដល់ ១៦,២៤៨នាក់។ បើតាមអាជ្ញាធរក្រុមហាម៉ាស ក្នុងចំណោមតួលេខអ្នកស្លាប់ខាងលើ នៅក្នុងតំបន់ហ្គាហ្សា មានកុមារជាង៧,០០០នាក់ និងស្រ្តីជិត៥,០០០នាក់៕