វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានអំពាវនាវជាថ្មីឱ្យអ៊ីស្រាអែលការពារអាយុជីវិតជនស៊ីវិល បន្ទាប់ពីការវាយប្រហារដ៏សាហាវទៅលើជំរុំរបស់អង្គការសហប្រជាជាតិនៅតំបន់ហ្គាហ្សា ធ្វើឱ្យមានការថ្កោលទោសដ៏កម្រពីសហរដ្ឋអាមេរិក។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ មករា ២០២៤។
អង្គការសហប្រជាជាតិនិយាយថា គ្រាប់ផ្លោងចំនួនពីរគ្រាប់បានវាយប្រហារជំរុំរបស់អង្គការសហប្រជាជាតិ ក្នុងទីក្រុង Khan Yunis ភាគខាងត្បូងនៃតំបន់ហ្គាហ្សា បណ្តាលឱ្យមនុស្ស១២នាក់ស្លាប់។ ជុំវិញបញ្ហានេះដែរ ក្នុងអំឡុងបំពេញទស្សនកិច្ចនៅប្រទេសអង់ហ្គោឡា ប្រមុខការទូតអាមេរិក លោក អាន់ថូនី ប្លីងគែន បានប្រាប់អ្នកយកព័ត៌មានថា ជំរុំរបស់អង្គការសហប្រជាជាតិមានសារៈសំខាន់ណាស់ ហើយត្រូវតែការពារ។
លោក ប្លីងគែន និយាយថា យើងបានបញ្ជាក់ជាថ្មីអំពីការការពារអាយុជីវិតជនស៊ីវិលជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ហើយលោកក៏បានសរសើរទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) សម្រាប់ការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជួយមនុស្សដែលត្រូវការជំនួយជាបន្ទាន់។ លោក ប្លីងគែន បានអះអាងថា ការងារដែលអង្គការសហប្រជាជាតិកំពុងធ្វើនៅហ្គាហ្សា គឺជាការសង្គ្រោះជីវិតពិត ហើយគ្មាននរណាម្នាក់អាចធ្វើវាបានឡើយ។
គួរបញ្ជាក់ថា សង្រ្គាមបានផ្ទុះឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធហ៊ូទី បានវាយប្រហារមិនធ្លាប់មានពីមុនមកក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា សម្លាប់មនុស្សប្រហែល ១,១៤០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ជាការឆ្លើយតប អ៊ីស្រាអែលបានបើកយុទ្ធនាការយោធាឥតឈប់ឈរលើតំបន់ហ្គាហ្សា ចាប់តាំងពីពេលនោះមក បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥,៧០០នាក់បានស្លាប់ ដែលប្រហែល ៧០ភាគរយនៃពួកគេ ជាស្ត្រី កុមារ និងក្មេងជំទង់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់រដ្ឋាភិបាលហាម៉ាស៕