ហ៊្សេរុយសាឡឹម៖ ប្រមុខការទូតអាមេរិកថ្លែងថា ការដោះលែងចំណាប់ខ្មាំងពីការចាប់ឃុំខ្លួនរបស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនគួរតែបន្ត ខណៈដែលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសពន្យារពេលបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០១ ធ្នូ ២០២៣។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន នៅក្នុងជំនួបជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក អ៊ីសសាក់ ហឺហ្សូក នៅទីក្រុង តែល អាវីវ បាននិយាយថា ការដោះលែងចំណាប់ខ្មាំងពីការចាប់ឃុំខ្លួនរបស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន “គួរតែបន្ត” ស្របពេលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសអូសបន្លាយ។ បើតាមអ្នកសម្របសម្រួលកាតា បទឈប់បាញ់នឹងបន្តមួយថ្ងៃទៀត ក្រោមលក្ខខណ្ឌ ដោះលែងចំណាប់ខ្មាំង ជាថ្នូរនឹងអ្នកទោស។
លោក ប្លីងគែន បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃដំបូងមក យើងបានផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរ លើការព្យាយាមដោះលែងចំណាប់ខ្មាំង ចេញពីកណ្តាប់ដៃក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។ ហើយយើងបានឃើញក្នុងសប្តាហ៍ចុងក្រោយនេះ នោះគឺការដោះលែងចំណាប់ខ្មាំងត្រឡប់ទៅផ្ទះវិញ ជួបជុំជាមួយគ្រួសាររបស់ពួកគេ។ ដូច្នេះវាគួរតែបន្តនៅថ្ងៃនេះ ព្រមជាមួយការកើនឡើងការផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលស្លូតត្រង់នៅតំបន់ហ្គាហ្សា ដែលត្រូវការវាខ្លាំង។
គួរបញ្ជាក់ថា សង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាសបានទម្លុះព្រំដែនយោធារបស់ហ្គាហ្សា ចូលទៅក្នុងទឹកដីអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សប្រមាណ ១,២០០នាក់ ភាគច្រើនជាជនស៊ីវិល និងចាប់ជំរិតមនុស្សប្រហែល ២៤០នាក់។ ជាការឆ្លើយតប អ៊ីស្រាអែលបានប្តេជ្ញាកម្ចាត់ក្រុមហាម៉ាស និងបានបញ្ចេញយុទ្ធនាការយោធាតាមផ្លូវអាកាស និងដីគោក ដែលរដ្ឋាភិបាលហាម៉ាសនិយាយថា បានសម្លាប់មនុស្សជាង ១៥.០០០នាក់នៅតំបន់ហ្គាហ្សា ដែលភាគច្រើនជាជនស៊ីវិល៕