ប៉េកាំង៖ ចិនគាំទ្រអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងសហភាពអឺរ៉ុប (EU) ដើម្បីចាប់ផ្តើមកិច្ចសន្ទនាផ្នែកសន្តិសុខជាមួយរុស្ស៊ីឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី២៧ កុម្ភៈ ២០២២។
លោក វ៉ាយី បានធ្វើការកត់សម្គាល់នេះ នៅពេលដែលលោកបាននិយាយតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock អំពីស្ថានភាពដែលកំពុងកើតមាននៅក្នុងប្រទេសអ៊ុយក្រែន។
លោកបាននិយាយថា ប្រទេសចិនគាំទ្រការបន្តកិច្ចចរចាបែបនេះក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីស្វែងរកការកសាងយន្តការសន្តិសុខអឺរ៉ុបប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព និងសម្រេចបាននូវស្ថិរភាពរយៈពេលវែងនៅលើទ្វីបអឺរ៉ុប។
ដោយកត់សម្គាល់ថាសង្រ្គាមត្រជាក់បានកន្លងផុតទៅយូរហើយ លោក វ៉ាយី បាននិយាយថា វាចាំបាច់សម្រាប់អង្គការណាតូដើម្បីពិចារណាឡើងវិញនូវទីតាំង និងទំនួលខុសត្រូវរបស់ខ្លួន ហើយចិត្តគំនិតនៃសង្រ្គាមត្រជាក់ដែលផ្អែកលើការប្រឈមមុខដាក់គ្នាក្នុងប្លុកគួរតែត្រូវបាន "បោះបង់ចោល" ទាំងស្រុង។
លោកបានបន្តថា ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានការណ៍នៅអ៊ុយក្រែន ហើយគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដែលអំណោយផលដល់ការកាត់បន្ថយការកើនឡើង និងដំណោះស្រាយនយោបាយ។
លោកបន្ថែមថា ប្រទេសចិនមិនយល់ព្រមក្នុងការដោះស្រាយបញ្ហាតាមរយៈការដាក់ទណ្ឌកម្មទេ ហើយជំទាស់នឹងការដាក់ទណ្ឌកម្មឯកតោភាគីដែលមិនមានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ។
លោកបានរំលឹកឡើងវិញថា ប្រទេសចិនក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តែងតែបំពេញការទទួលខុសត្រូវរបស់ខ្លួនក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ៕RT