អាហ្វហ្គានីស្ថាន៖ តាលីបង់ចេញការហាមឃាត់លើស្រ្តីអាហ្វហ្គានីស្ថាន មិនឱ្យចូលរាល់សួនកម្សាន្តក្នុងទីក្រុងកាប៊ុល បន្ទាប់ពីក្រសួងផ្សព្វផ្សាយគុណធម៌និងការពារសីលធម៌ (MPPVV)របស់តាលីបង់បានអះអាងដោយមិនលម្អិតថានឹងមានការរឹតបន្តឹងលើស្ត្រីចំពោះការចូលដើរលេងនៅក្នុងសួនសាធារណៈ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ វិចិ្ឆកា ២០២២។

គេមិនច្បាស់ទេថាតើការរឹតបន្តឹងត្រូវបានអនុវត្តយ៉ាងទូលំទូលាយប៉ុណ្ណា ឬថាតើវានឹងដូចយ៉ាងណា ទៅនឹងច្បាប់ពីមុនរបស់ MPVPV ដែលចែងថា ឧទ្យាន រួមទាំងកន្លែងទីសាធារណៈផ្សេងៗ ត្រូវតែបែងចែកដោយភេទ ហើយថ្ងៃខ្លះនឹងត្រូវឱ្យតែស្ត្រីចូល។

មន្រ្តីរបស់តាលីបង់ មិនបានចេញការពន្យល់យ៉ាងណាទេជុំវិញបញ្ហានេះ។ ប៉ុន្តែអ្នកព័ត៌មានរបស់រ៉យទ័រដែលចុះទៅដល់កន្លែងកម្សាន្តផ្សេងៗ បានសង្កេតឃើញថា ស្រ្តីជាច្រើនត្រូវបានអ្នកគ្រប់គ្រងកន្លែងមិនឱ្យចូល ដោយមានភ្នាក់ងារតាលីបង់ជាអ្នកតាមដានស្ថានភាព។

ចាប់តាំងពីចូលកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានកាលពីឆ្នាំមុន ក្រុមតាលីបង់អ៊ីស្លាមបានដាក់ការហាមឃាត់ផ្សេងៗទៅលើស្រ្តីថា ពួកគេមិនគួរចាកចេញពីផ្ទះដោយគ្មានសាច់ញាតិជាបុរសនៅជាមួយ ឬដោយគ្មានស្បៃរុំមុខនោះទេ បើទោះបីជាស្រ្តីមួយចំនួនមិនអើពើនឹងច្បាប់ទាំងនេះ ឬក៏មានតួនាទី ឬការងារក្នុងការិយាល័យរដ្ឋាភិបាលក្ដី។ 

ការគោរពសិទ្ធិស្រ្តី និងសិទ្ធមនុស្សទូទៅ ជាបញ្ហាដ៏ធំរបស់អាហ្វហ្គានីស្ថាន ក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់បច្ចុប្បន្ន ដែលចង់ឱ្យពិភពលោកទទួលស្គាល់រដ្ឋាភិបាលរបស់ខ្លួន។ យ៉ាងណាមិញ រដ្ឋាភិបាលបស្ចិមលោក បានលើកឡើងថា ក្រុមតាលីបង់ចាំបាច់ត្រូវផ្លាស់ប្តូរទិសដៅរបស់ខ្លួនលើសិទ្ធិស្ត្រី ដើម្បីជាផ្នែកមួយនៃការឆ្ពោះទៅរកការទទួលស្គាល់ស្របតាមច្បាប់របស់ពិភពលោក។ 

ទោះបីជាយ៉ាងនេះក្ដី  ក្រុមតាលីបង់ ដែលកំពុងដឹកនាំប្រទេសក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមួយនេះ នៅតែទទូចថា ពួកគេគោរពសិទ្ធិស្ត្រីស្របតាមការបកស្រាយច្បាប់អ៊ិស្លាមរបស់ខ្លួន៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ