Facebook, Instagram, WhatsApp បន្តហាមឃាត់នូវរាល់មាតិកាទាំងអស់ទាក់ទងតាលីបង់ ខណៈក្រុមនេះបានប្រើប្រាស់ Twitter ដើម្បីបញ្ជូនព័ត៌មានចុងក្រោយ
អន្តរជាតិ៖ ក្រុមហ៊ុន Facebook បញ្ជាក់ថា ខ្លួននឹងបន្តហាមឃាត់មាតិកាទាក់ទងនឹងក្រុមតាលីបង់ពីវេទិការបស់ខ្លួន ក្រោមហេតុផលថាក្រុមសកម្មប្រយុទ្ធនេះ ជាអង្គការភេរវកម្ម។នេះបើយោងតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន BBC៕
ការកាន់កាប់អាហ្វហ្គានីស្ថានបានយ៉ាងឆាប់រហ័ស បង្កើតបញ្ហាប្រឈមថ្មីទាក់ទងនឹងមាតិកាលើបណ្ដាញសង្គម។ ហ្វេសប៊ុកនឹងចាត់ចែងក្រុមអ្នកជំនាញអាហ្វហ្កានីស្ថានដែលចេះភាសា និងមានចំណេះដឹងអំពីបរិបទក្នុងស្រុក ដើម្បីត្រួតពិនិត្យមាតិកាដែលពាក់ព័ន្ធនឹងក្រុមនេះ។
ក្រុមហ៊ុននេះក៏បាននិយាយថា ខ្លួនមិនធ្វើការសម្រេចចិត្តអំពីការទទួលស្គាល់រដ្ឋាភិបាលជាតិទេ ប៉ុន្តែធ្វើតាម "សិទ្ធិអំណាចរបស់សហគមន៍អន្តរជាតិ" និងអនុវត្តគោលនយោបាយនេះចំពោះគ្រប់វេទិការបស់ខ្លួន រួមទាំង Instagram និង WhatsApp ផងដែរ។
យ៉ាងណាមិញ Twitter មិនអនុញ្ញាតឱ្យចលនាដែលលើកកម្ពស់ភេរវកម្ម ឬអំពើហឹង្សាលើជនស៊ីវិលឡើយ។ អ្នកនាំពាក្យរបស់តាលីបង់បានប្រើបណ្តាញសង្គមមួយនេះ ដើម្បីបញ្ជូនព័ត៌មានចុងក្រោយដល់អ្នកតាមដានរាប់សែននាក់របស់ខ្លួន ខណៈដែលក្រុមនេះដណ្តើមបានការគ្រប់គ្រងនៅអាហ្វហ្គានីស្ថានមកវិញ។
លើសពីនេះទៅទៀត អ្នកនាំពាក្យរបស់ក្រុមហ៊ុន Twitter និយាយថា ក្រុមហ៊ុនកំពុង «លុបមាតិកាដែលរំលោភគោលនយោបាយរបស់ខ្លួន»។