ព្យុងយ៉ាង៖ ក្រុមរដ្ឋមន្ត្រីការបរទេសមកពីប្រទេស G7 បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះប្រទេសកូរ៉េខាងជើង ជុំវិញការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM កាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្រុមរដ្ឋមន្ត្រីការបរទេស G7 បានចេញសេចក្តីថ្លែងការណ៍មួយក្នុងថ្ងៃអាទិត្យទី២០ ខែវិច្ឆិកានេះ ដោយបានបញ្ជាក់ថា ពួកគេថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការបាញ់បង្ហោះមីស៊ីលបាលិស្ទីគ ICBM សារជាថ្មីទៀតដោយកូរ៉េខាងជើង។ ពួកគេបាននិយាយថា ទង្វើមិនប្រុងប្រយ័ត្ននេះ បានបង្កឲ្យមានអស្ថិរភាពក្នុងតំបន់បន្ថែមទៀត។
មិនតែប៉ុណ្ណោះ សកម្មភាពរបស់កូរ៉េខាងជើងនេះដែរ ត្រូវទាមទារឱ្យមានការឆ្លើយតបដោយការរួបរួម និងរឹងមាំពីសហគមន៍អន្តរជាតិ រួមទាំងតម្រូវការសម្រាប់វិធានការសំខាន់ៗបន្ថែមទៀត ដែលត្រូវចាត់វិធានការដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ (UNSC) គ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយក្នុងថ្ងៃចន្ទទី២១ ខែវិច្ឆិកានេះ បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលចុងក្រោយបង្អស់របស់កូរ៉េខាងជើង។
កូរ៉េខាងជើងបានបាញ់មីស៊ីល ICBM ប្រភេទថ្មីដែលមានឈ្មោះ Hwasong-17 កាលពីថ្ងៃសុក្រសប្តាហ៍មុន ចេញពីទីតាំងក្បែរទីក្រុងព្យុងយ៉ាង ឆ្ពោះទៅកាន់សមុទ្រជប៉ុន។ មីស៊ីលនេះត្រូវបានគេជឿជាក់ថា បានហោះឡើងដល់រយៈកម្ពស់អតិបរមាប្រហែល ៦,០០០គីឡូម៉ែត្រ ហើយធ្លាក់ចូលក្នុងដែនទឹកតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន៕