ប្រធានាធិបតីអាមេរិក នឹងធ្វើការពិភាក្សាតាមទូរស័ព្ទទៅកាន់សមភាគីរុស្ស៊ី ដើម្បីដោះស្រាយពីបញ្ហាតានកំពុងតែបន្តកើនឡើង
វ៉ាស៊ីនតោន៖ សេតវិមាន បានប្រកាសថា លោកប្រធានាធិបតី ចូ បៃដិន នឹងនិយាយគ្នាជាមួយនឹងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១ ខណៈមេដឹកនាំទាំងនឹងដោះស្រាយនូវភាពតានតឹងដែលកំពុងតែបន្តកើនឡើង ជុំវិញការបង្កើនកម្លាំងយោធារបស់រុស្ស៊ី នៅជិតព្រំដែនខាងកើត នៃប្រទេសអ៊ុយក្រែន។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី៣០ ធ្នូ ២០២១។
បើតាមសេចក្ដីថ្លែងការណ៍មួយ បានចេញកាលពីថ្ងៃពុធ ទី២៩ ខែធ្នូ ក្រុមប្រឹក្សាសន្ដិសុខជាតិរបស់សេតវិមាន បានបញ្ជាក់ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និង សមភាគីរុស្ស៊ី លោក ពូទីន នឹងមានការហៅទូរស័ព្ទមួយ ដើម្បីពិភាក្សាលើប្រធានបទជាច្រើន រួមមាន ការចូលរួមការទូត នាពេលខាងមុខ។
មេដឹកនាំ នៃប្រទេសមហាអំណាចទាំង២ គ្រោងនឹងជួបគ្នា តាមទូរស័ព្ទ នាល្ងាច ថ្ងៃទី៣០ ខែធ្នូនេះ បានកើតឡើង ចំពេលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងសម្ពន្ធមិត្តអឺរ៉ុបរបស់សហរដ្ឋអាមេររិក កំពុងរិះរកវិធីសាស្រ្ដ ឆ្លើយតបទៅនឹងរដ្ឋាភិបាលទីក្រុងមូស្គូ ដែលកំពុងតែបង្កើនកងទ័ពរបស់ខ្លួន ប្រហែល១០០ ០០០នាក់ នៅ ក្បែរតំបន់ព្រំដែន នៃប្រទេសអ៊ុយក្រែន។
លោកស្រី Emily Horne អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មានថា មេដឹកនាំ នៃប្រទេសមហាអំណាចទាំង២ នឹងជជែកគ្នាលើបញ្ហា ជាច្រើន ហើយក្នុងនោះមានកិច្ចចរចា ស្ដីសន្តិសុខ និង ភាពតានតឹងនៅក្នុងតំបន់អឺរ៉ុប ផងដែរ។ លោក បៃដិន ក៏បានពិភាក្សារួចហើយជាមួយក្រុមមេដឹកនាំអឺរ៉ុប ពាក់ព័ន្ធនឹងស្ថានភាព នៅតាមតំបន់ព្រំដែន នៃប្រទេសអ៊ុយក្រែន ខណៈក្រុមមន្ត្រីរដ្ឋបាលរបស់លោក បៃដិន កំពុងតែជួបពិភាក្សាជាមួយ NATO ហើយសហភាពអឺរ៉ុប និងអង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អឺរ៉ុប។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និង រុស្ស៊ី គ្រោងនឹងបើកកិច្ចប្រជុំ ស្ដីពីបញ្ហាសន្តិសុខ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ រីឯជំនួបជាបន្តបន្ទាប់ រវាងរុស្ស៊ី និងអង្គការ NATO អាចនឹងធ្វើឡើង នៅថ្ងៃទី១២ ខែមករា ព្រមទាំងជំនួប រវាងទីក្រុងម៉ូស្គូ ទីក្រុងវ៉ាស៊ីនតោន និងអឺរ៉ុប នៅថ្ងៃទី១៣ ខែមករា។ ជំនួប រវាងមេដឹកនាំសហរដ្ឋអាមេរិក និង រុស្ស៊ី ក៏អាចនឹងបន្ថូរបន្ថយនូវភាពតានតឹង នៅតាមព្រំដែនអ៊ុយក្រែន ខណៈរដ្ឋាភិបាលទីក្រុងគៀវ មានការព្រួយបារម្ភ ពីការឈ្លានពានរបស់កងទ័ពរុស្ស៊ី ចូលលុកលុយលើទឹកដីរបស់ខ្លួន៕