កូឡុំបូ៖ អតីតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានធ្វើដំណើរទៅដល់រដ្ឋធានីកូឡុំបូវិញហើយ នៅព្រឹកព្រលឹមថ្ងៃសៅរ៍ ទី៣ កញ្ញានេះ ពោលគឺបន្ទាប់ពី ៧សប្ដាហ៍ដែលលោកភៀសខ្លួនចេញពីប្រទេស ចំពោះមុខវិបត្តិសេដ្ឋកិច្ច និងបាតុកម្មតវ៉ា ទាមទារឱ្យលោកលាលែងចេញពីតំណែង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី ០៣ កញ្ញា ២០២២។

លោក Rajapaksa បានភៀសខ្លួនចេញពីប្រទេសស្រីលង្កា កាលពីពាក់កណ្ដាលខែកក្កដាកន្លងទៅ ដោយធ្វើដំណើរទៅដល់ប្រទេសម៉ាល់ឌីវ និងសិង្ហបុរី មុនពេលទៅថៃ បន្ទាប់ពីក្រុមបាតុករសម្រុកចូលការិយាល័យប្រធានាធិបតីរបស់លោក។លោក Rajapaksa បានសម្រេចចិត្តលាលែងចេញពីតំណែងក្នុងពេលស្នាក់នៅសិង្ហបុរី។

យ៉ាងណាមិញ មានរដ្ឋមន្ត្រីមួយចំនួនត្រូវបានរាយការណ៍ថា បានទទួលលោកនៅចំណតអាកាសយានដ្ឋាន ហើយអ្នកនាំពាក្យក្រសួងការពារជាតិស្រីលង្កា បានប្រាប់ BBC ថា លោកត្រូវទទួលការការពារសន្តិសុខ ក្នុងនាមជាអតីតប្រធានាធិបតី៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ