អាមេរិក និងកូរ៉េខាងត្បូង ផ្ដើមធ្វើសមយុទ្ធដែនអាកាសរួមគ្នាដ៏ធំបំផុតមិនធ្លាប់មានពីមុនមក ជាការឆ្លើយតបនឹងការបាញ់មីសុីលរបស់កូរ៉េខាងជើង
សេអ៊ូល៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចាប់ផ្តើមសមយុទ្ធដែនអាកាសរួមគ្នាដ៏ធំបំផុតមួយរបស់ពួកគេនៅថ្ងៃចន្ទ ៣១ ខែតុលា ដោយប្រើយន្តហោះចម្បាំងរាប់រយគ្រឿង ដើម្បីបង្អួតសាច់ដុំនិងត្រៀមទប់ទល់ចំពោះការវាយប្រហារណាមួយពីសំណាក់កូរ៉េខាងជើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី៣១ តុលា ២០២២។
សមយុទ្ធទ័ពអាកាសខាងលើដែលមានឈ្មោះថា Vigilant Storm នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ និងមានយន្ដហោះចម្បាំងសរុបចំនួន ២៤០គ្រឿងចូលរួម ក្នុងនោះរួមមានទាំងយន្ដហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ខណៈអូស្ត្រាលីក៏នឹងបញ្ជូនយន្ដហោះចាក់សាំងនៅលើ អាកាសសម្រាប់សមយុទ្ធនេះដែរ។
កងទ័ពអាកាសអាមេរិកបាននិយាយថា “កូរ៉េខាងត្បូង និងកងទ័ពអាកាសអាមេរិកនឹងធ្វើការរួមគ្នាជាមួយនឹងសេវាកម្មរួម ដើម្បីបំពេញបេសកកម្មដែនអាកាសសំខាន់ៗ ដូចជាការគាំទ្រអាកាសកិច្ចការការពារដែនអាកាស និងប្រតិបត្តិការផ្លូវអាកាសសង្គ្រោះបន្ទាន់២៤ ម៉ោងក្នុងមួយថ្ងៃ ក្នុងអំឡុងពេលហ្វឹកហាត់”។
ដោយឡែក ក្រុងព្យុងយ៉ាងវិញ បានធ្វើការថ្កោលទោសសមយុទ្ធរួមគ្នានេះថា ជាការហាត់សមសម្រាប់ការឈ្លានពាន ដែលបង្ហាញពី នយោបាយអរិភាពជាមួយខ្លួន ពីសំណាក់ក្រុងវ៉ាស៊ីនតោននិងសេអ៊ូល។ ឆ្លើយតបចំពោះសមយុទ្ធនាពេលថ្មីៗនេះ កូរ៉េខាងជើងបានបាញ់មីស៊ីល ធ្វើសមយុទ្ធតាមអាកាស និងបាញ់កាំភ្លើងធំចូលទៅក្នុងសមុទ្រ៕RT