នាយករដ្ឋមន្ដ្រីកម្ពុជា ៖ ជម្លោះរវាង រុស្សី និងអ៊ុយក្រែន ក្លាយជាសង្គ្រាម រុស្សី និងអឺរ៉ុប
តាកែវ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពូជា បានថ្លែងថា ជម្លោះរវាងប្រទេសរុស្សី និងអ៊ុយក្រែន ក្លាយជាសង្គ្រាមរុស្សី និងអឺរ៉ុប ព្រោះប្រទេសនានានៅអឺរ៉ុប បានផ្តល់ទាំងយោធា និងយន្តហោះចម្បាំង ដើម្បីវ៉ៃរុស្សី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុបជិត ១៣៥ គីឡូម៉ែត្រ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ។
សម្តេចតេជោ បានបញ្ជាក់ថា «ខ្ញុំយល់ថា យុទ្ធសាស្ត្ររបស់អ៊ុយក្រែនបានប្រើយុទ្ធសាស្ត្រ ឱ្យរុស្សីចូលទ័ពកាន់តែជ្រៅ ហើយទ័ពរបស់រុស្សីកាន់តែស្តើង»។
សម្តេចតេជោ បានបន្តថា សង្រ្គាមឈ្លបនឹងកើតឡើង ដោយសារអ៊ុយក្រែនបានអនុញ្ញាតឱ្យពលរដ្ឋស៊ីវិលអាចចូលធ្វើកងទ័ពបាន។ សម្តេចតេជោ បញ្ជាក់ថា ការយកសង្គ្រាមបញ្ចប់សង្រ្គាម មិនអាចដោះស្រាយបាននោះទេ គ្មានទីបញ្ចប់បាននោះទេ មានតែការសន្ទនាតែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «ការបញ្ចេញទស្សនខ្ញុំនេះ គឺមិនមែនក្នុងនាមអាស៊ានទេ គឺជាទស្សនផ្ទាល់ខ្លួនខ្ញុំតែប៉ុណ្ណោះ»។
សម្តេចតេជោ ក៏បានបញ្ជាក់គោលជំហរថា « មិត្តទាំងឡាយរបស់កម្ពុជា នឹងយោគយល់កម្ពុជាក្នុងគោលជំហរអព្យាក្រឹត មិនគួរបង្ខំឱ្យកម្ពុជាគាំទ្រខាងណានោះទេ »។
យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញផលប៉ះពាល់ពីសង្រ្គាមនេះថា បានជះឥទ្ធិពលដល់ការឡើងថ្លៃប្រេងនៅកម្ពុជា ខណៈដែលពិភពលោក និងកម្ពុជាកំពុងរងឥទ្ធិពលពីកូវីដ១៩៕EB