សម្តេចតេជោ ដាក់បទបញ្ជាម៉ឺងម៉ាត់ជាថ្មីថា ការបិទខ្ទប់ភ្នំពេញ និងក្រុងតាខ្មៅ ១៤ថ្ងៃនេះ គឺហាមចេញក្រៅផ្ទះ «អ្នកនៅផ្ទះណា គឺនៅផ្ទះនោះ» «នៅភូមិណា គឺនៅភូមិនោះ»
ភ្នំពេញ ៖ យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បញ្ជាក់ថា ក្នុងអំឡុងពេលបិទខ្ទប់ភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៥មេសា គឺមិនឲ្យប្រជាពលរដ្ឋចេញពីផ្ទះឡើយ។ «អ្នកនៅផ្ទះណា នៅផ្ទះនោះ ហើយអ្នកនៅភូមិណា គឺនៅភូមិនោះ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់សាជាថ្មីម្តងទៀតថា «សម្រាប់ប្រជាពលរដ្ឋរបស់យើង ពេលនេះ នៅផ្ទះណា គឺនៅផ្ទះនោះ នៅភូមិណា គឺនៅភូមិនោះ នៅស្រុកណា គឺនៅស្រុកនោះ នៅទីកន្លែងណា គឺនៅទីកន្លែងនោះ ក្នុងរយៈពេល ១៤ថ្ងៃ។ ករណីនេះ គឺមានករណីលើកលែងមួយចំនួន ប៉ុន្តែមិនមែនចេះតែលើកលែងនោះទេ។ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងទ្រាំទ្រនូវការលំបាក ក្នុងរយៈពេលដែលប្រទេសជាតិជួបការលំបាក»។
សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានទុកជាមុនថា ប្រសិនបើក្រោយ ១៤ថ្ងៃ នៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល ១៤ថ្ងៃនេះហើយ សភាពការណ៍ឆ្លងកូវីដ មិនថយចុះ នោះសម្តេចនឹងបន្តបិទក្រុងភ្នំពេញ ក្រុងតាខ្មៅ និងបណ្តាខេត្តជាច្រើនទៀត។
បទបបញ្ជាផ្ទាល់មាត់របស់សម្តេចតេជោ ហ៊ុន សែន ដូច្នេះ បានធ្វើឡើង ក្រោយពីការបិទខ្ទប់ រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្តាល បានអនុវត្តកាលពីម៉ោងសូន្យ ថ្ងៃទី១៥មេសា ប៉ុន្តែមកដល់ល្ងាចថ្ងៃទី១៦មេសានេះ សម្តេចតេជោ សង្កេតឃើញថា ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន នៅតែកើតមានច្រើននៅឡើយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងនៅទីក្រុងតាខ្មៅ ខេត្តកណ្តាល៕