អន្តរជាតិ៖ខ្មាន់កាំភ្លើងមួយក្រុមបានសម្លាប់មនុស្ស ១៥នាក់ និង ១០នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារលើទីសក្ការបូជានិកាយស៊ីអ៊ីតមួយកន្លែងក្នុងទីក្រុង Shiraz របស់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន IRNA នៅថ្ងៃទី២៧ តុលា ២០២២។

ការវាយប្រហារនេះត្រូវបានគេហៅថាជាប្រតិបត្តិការភេរវករ ប្រព្រឹត្តដោយក្រុមជ្រុលនិយមប្រជែងនិកាយ។ ប្រភពពីក្រុមសន្តិសុខមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន ថា ការវាយប្រហារនេះបានកើតឡើងនៅទីសក្ការបូជា Shahcheragh អំឡុងពេលរសៀល ខណៈក្រុមអ្នកធ្វើធម្មយាត្រាកំពុងចូលទៅកាន់ទីសក្ការបូជានិកាយស៊ីអ៊ីតនោះ។ 

ក្រុមខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារដោយកាំភ្លើងវែងម៉ាក Kalashnikov បន្ទាប់ពីចូលដល់ក្នុងបរិវេណទីសក្ការបូជានោះ។ មានស្ត្រីម្នាក់ និងកុមារ ២នាក់ស្ថិតក្នុងចំណោមជនរងគ្រោះ ហើយខ្មាន់កាំភ្លើង ២នាក់ត្រូវបានចាប់ខ្លួន និងខ្មាន់វាយប្រហារទី៣ កំពុងត្រូវបានតាមចាប់ខ្លួន។

ប្រភពពីសារព័ត៌មានអ៊ីរ៉ង់ជាច្រើនបានហៅការវាយប្រហារនេះថា ជាប្រតិបត្តិការភេរវករពីសំណាក់ក្រុមជ្រុលនិយម Takfiri។ ការលើកឡើងនេះសំដៅក្រុមអ៊ីស្លាមនិកាយស៊ុនីន ដែលតែងតែដាក់គោលដៅលើសត្រូវសាសនាដោយហិង្សា ដូចក្នុងករណីនេះជាដើម។ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានចេញមុខអះអាងថា ខ្លួនជាអ្នកបើកការវាយប្រហារនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ