អន្តរជាតិ៖ ទីភ្នាក់ងារឧតុនិយមជប៉ុន បាននិយាយថា ការរញ្ជួយដីដ៏ខ្លាំងមួយ ដែលមានកម្រិតបឋម 6.2 រ៉ិចទ័រ និងជម្រៅ 140 គីឡូម៉ែត្រ (87 ម៉ាយ) បានវាយប្រហារខេត្តហុកកៃដូ ភាគខាងជើងប្រទេសជប៉ុន កាលពីល្ងាចថ្ងៃអាទិត្យ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី ១៣ មិថុនា ២០២៣។

ទីភ្នាក់ងារនេះបាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីនេះគឺនៅឆ្នេរសមុទ្រនៃទីក្រុង Urakawa ដោយបន្ថែមថា មិនមានការព្រមានណាមួយអំពីរលកយក្សស៊ូណាមិ នោះទេ។ ទីភ្នាក់ងារបានបន្ថែមថា ការរញ្ជួយដីបានអង្រួនកោះជាច្រើន រួមទាំងទីក្រុង Chitose និង Atsuma ផងដែរ។

គួររម្លឹកផងដែរថា នៅខែមីនា ឆ្នាំ ២០១១ ប្រទេសនេះត្រូវបានរងគ្រោះដោយការរញ្ជួយដីកម្រិត ៩.០ រិចទ័រ ក្រោមសមុទ្រ នៅភាគឦសានរបស់ខ្លួន។ គ្រោះរញ្ជួយដីបានបង្កជារលកយក្សស៊ូណាមិ ដែលបណ្តាលឲ្យមនុស្សប្រហែល 18,500 នាក់ស្លាប់ ឬបាត់ខ្លួន។ 

លើកពីនេះទៀត រលកយក្សស៊ូណាមិ បានបង្កឱ្យមានឧប្បត្តិហេតុដ៏ធំមួយនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ