អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយថា យន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក មានសមត្ថភាពអាចផ្ទុកអាវុធនុយក្លេអ៊ែរបាន ហើយលោកបានព្រមានថា ការផ្គត់ផ្គង់ពួកវាឱ្យទៅទីក្រុងកៀវ មុខជានឹងធ្វើឱ្យជម្លោះកាន់តែកើនកម្តៅខ្លាំងឡើងមិនខានទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ មិថុនា ឆ្នាំ២០២៣។

លោក ឡាវរ៉ូវ បានលើកឡើងដូចខាងលើ ក្នុងសុន្ទរកថាមួយ នៅមូលដ្ឋានយោធាក្នុងទីក្រុងឌូស្ហាន់បេ (Dushanbe) នៃប្រទេសតាហ្ស៉ីគីស្ថាន។ លោកបានបន្ថែមថា «យើងត្រូវចាំទុកថា ការកែច្នៃមួយនៃយន្តហោះចម្បាំង F-16 គឺអាចធ្វើឱ្យវាមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរបាន។ បើពួកគេពុំយល់ពីរឿងនេះទេ នោះពួកគេគ្មានតម្លៃ ក្នុងនាមជាអ្នកយុទ្ធសាស្រ្ត និងអ្នករៀបចំផែនការយោធាឡើយ»។ 

ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចសុំយន្តហោះចម្បាំង F-16 នេះជាយូរមកហើយ។ លោក ហ្សេលេនស្គី បាននិយាយថា វត្តមាន F-16 ជាមួយពីឡុតអ៊ុយក្រែន នឹងបម្រើជាសញ្ញាដ៏ជាក់ច្បាស់មួយពីពិភពលោក ដែលបង្ហាញថា សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនឹងត្រូវទទួលបរាជ័យ ដោយចៀសមិនផុត។

គួរបញ្ជាក់ងថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានប្រាប់មេដឹកនាំ G7 កាលពីខែមុនថា ទីក្រុងវ៉ាស៊ីនតោនបានគាំទ្រកម្មវិធីបណ្តុះបណ្តាលសម្ព័ន្ធមិត្តរួមសម្រាប់អ្នកបើកយន្តហោះអ៊ុយក្រែនលើយន្តហោះចម្បាំង F-16 ។

យ៉ាងណាមិញ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បាននិយាយថា មិនទាន់មានការសម្រេចចិត្តចុងក្រោយនៅឡើយទេ ជុំវិញលទ្ធភាពទីក្រុងវ៉ាស៉ីនតោនបញ្ជូនយន្តហោះចម្បាំងនេះឱ្យអ៊ុយក្រែន៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ