ការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ត្រូវបានដាក់ឱ្យអនុវត្តឡើងវិញហើយ ក្រោយពីត្រូវបានផ្អាកមួយរយៈ
ភ្នំពេញ ៖ តាមរយៈលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានដាក់ឱ្យអនុវត្តឡើងវិញហើយ ក្រោយពីត្រូវបានផ្អាកសកម្មភាពមួយរយៈ ខណៈបច្ចុប្បន្ននេះ នៅតាមគោលដៅមួយចំនួនក្នុងប្រទេសកម្ពុជា មន្ត្រីនគរបាលចរាចរណ៍បាននិងកំពុងអនុវត្តវិធានការច្បាប់នេះ ជាបណ្តើរៗផងដែរ។
ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ ស្របតាមស្មារតីនៃគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ថា រយៈពេលត្រឹមតែ ៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន៦៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៤៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១២០នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមអ្នកនាំពាក្យរង ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន នៅថ្ងៃទី១៧វិច្ឆិកា មាន៨ករណី ស្លាប់៥នាក់ របួស៩នាក់ ថ្ងៃទី១៨ មាន៧ករណី ស្លាប់១នាក់ របួស៩នាក់ ថ្ងៃទី១៩ មាន១៤ករណី ស្លាប់៥នាក់ របួស២៥នាក់ ថ្ងៃទី២០ មាន១៤ករណី ស្លាប់១៩នាក់ របួស៤២នាក់ ថ្ងៃទី២១ មាន៩ករណី ស្លាប់៧នាក់ របួស១៤នាក់ ថ្ងៃទី២២ មាន៧ករណី ស្លាប់២នាក់ របួស១០នាក់ និងថ្ងៃទី២៣ វិច្ឆិកា មាន១០ករណី ស្លាប់៥នាក់ របួស១១នាក់៕
