ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ គឺដើម្បីបញ្ជាក់នូវគោលបំណង និងឆន្ទៈរបស់កម្ពុជា គឺចង់បានសេចក្តីសុខសន្តិភាព មិត្តភាពពិតប្រាកដ តាមរយៈស្មារតីនៃព្រឹត្តិការណ៍ប្រកួតកីឡាជាអន្តរជាតិនេះ។

ការគូសបញ្ជាក់នេះ បន្ទាប់ពីលោក បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួបសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ មុនចេញទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ ចាប់ពីថ្ងៃទី៩-២០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ ដោយមានប្រតិភូ មន្ដ្រី គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ៣៣៣នាក់។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខយ៉ាងជ្រាលជ្រៅបំផុតពីសម្ដេចធិបតីនាយករដ្ឋមន្ដ្រី ជូនចំពោះគ្រូបង្វឹក ភាគីពាក់ព័ន្ធ និងកីឡាករ-កីឡាការិនីទាំងអស់។ ការចូលរួមស៊ីហ្គេមលើកនេះ ក្រសួងបានយកចិត្តទុកដាក់ និងអនុញ្ញាតឲ្យមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រៀបចំការប្រមូលផ្តុំក្រុមជម្រើសជាតិហាត់ហ្វឹកហ្វឺន ចាប់ពីខែមេសា ឆ្នាំ២០២៥ ទាំងកីឡាករថ្នាលវ័យក្មេង សម្រាប់ការកួតកីឡាយុវជនអាស៊ី និងកីឡាករពេញវ័យ សម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេម។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «បើទោះបីស្ថានការណ៍ព្រំដែននៅមានភាពតានតឹងខ្លះៗ ប៉ុន្តែសុភនិច្ឆ័យដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៅតែអនុញ្ញាតឱ្យប្រតិភូកីឡាកម្ពុជា ចូលរួមប្រកួត ដើម្បីបញ្ជាក់នូវគោលបំណង និងឆន្ទៈរបស់កម្ពុជា គឺចង់បានសេចក្តីសុខសន្តិភាព មិត្តភាពពិតប្រាកដ តាមរយៈស្មារតីនៃព្រឹត្តិការណ៍ប្រកួតកីឡាជាអន្តរជាតិនេះ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ