ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តវិធីសាស្រ្តកម្មវិធី និងកម្ចីផ្អែកលើគោលនយោបាយចំនួន ៥០ លានដុល្លារ ដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ដោយផ្តោតលើទាំងគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានដែលមិនមែនជាធនាគារព្រមទាំងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល និងសមត្ថភាពហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានឲ្យដឹងថា កម្មវិធីអភិវឌ្ឍន៍ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ននិងនិរន្តរភាពនេះ មានគោលបំណងលើកកម្ពស់សមត្ថភាព ស្ថិរភាព និង ការអនុវត្តប្រតិបត្តិការរបស់វិស័យនេះ សំដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប្រកបដោយបរិយាបន្ន និងភាពធន់។

នាយកស្តីទីរបស់ ADB ប្រចាំប្រទេសកម្ពុជា លោក Anthony Gill មានប្រសាសន៍ថា «ដំណើររបស់កម្ពុជា ឆ្ពោះទៅរកកំណើនប្រកបដោយបរិយាបន្ននិងនិរន្តរភាព បានចាក់ឫសក្នុងចក្ខុវិស័យរបស់ប្រទេសដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០»។

តាមរយៈការវិនិយោគលើកម្មវិធីនេះ ADB គាំទ្រកម្ពុជាក្នុងការពង្រឹងសមត្ថភាព ស្ថិរភាព និងការអនុវត្តប្រតិបត្តិការវិស័យហិរញ្ញវត្ថុរបស់ប្រទេស កសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនដែលធន់ ពង្រីកបរិយាបន្នហិរញ្ញវត្ថុ និង ជំរុញសក្តានុពលវិស័យឯកជន។

ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និង ចីរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ