ប្រធានាធិបតី និងនាយករដ្ឋមន្រ្តី ព្រមទាំងរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសម៉ាលី ត្រូវបានចាប់ខ្លួនដោយសមាជិកយោធា
ម៉ាលី៖ យោងតាមសេចក្តីថ្លែងការណ៍រួមរបស់មន្ត្រីរដ្ឋាភិបាល និងផ្នែកការទូតមួយចំនួនទៀត បានអោយដឹងថាប្រធានាធិបតីនិងនាយករដ្ឋមន្រ្តី ព្រមទាំងរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសម៉ាលី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទហើយឥឡូវនេះស្ថិតនៅក្នុងការឃុំឃាំងរបស់មន្រ្តីយោធា។ ការចាប់ខ្លួននៅតែនៅមានបន្ទាប់បន្ត ដោយសារវិបត្តិនយោបាយដែលបានញាំញីប្រទេសនេះអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានCNN នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ
លោកប្រធានាធិបតីបណ្តោះអាសន្ន បាហ៍ ណាដរ (Bah Nadaw) និងលោកនាយករដ្ឋមន្ត្រី ម៉កថា អ៊ូវ៉ាន (Moctar Ouane) ព្រមទាំងលោករដ្ឋមន្ត្រីការពារជាតិ សួឡៃម៉ាន ដូឃ្យួរ (Souleymane Doucoure) ត្រូវបានចាប់ខ្លួនរួមជាមួយបុគ្គលិកជាច្រើននាក់ យកទៅឃុំឃាំងជាបណ្តោះអាសន្ន នៅឯមូលដ្ឋានយោធាក្នុងតំបន់ កាទី (Kati) ស្ថិតនៅក្បែររដ្ឋធានី បាម៉ាកូ (Bamako)។
ដោយឡែក សមាជិកសហគមន៍អន្តរជាតិរួមទាំងបារាំង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងសហភាពអ៊ឺរ៉ុបបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងស្ថានភាពនៅប្រទេសម៉ាលី ក្រោយពីក្រុមយោធាចាប់ខ្លួនប្រធានាធិបតី នាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីការពារជាតិ រួមទាំងសមាជិកខ្លះទៀតនៃបុគ្គលិករបស់ពួកគេ។
យ៉ាងណាមិញ ការចាប់ខ្លួនមេដឹកនាំកំពូលៗ នៅក្នុងជួររដ្ឋាភិបាលបណ្តោះអាសន្នរបស់ម៉ាលី បាននិងកំពុងឲ្យអនាគតនៃប្រទេសនេះ មានភាពស្រពិចស្រពិលឡើងវិញ ក្រោយពីរដ្ឋប្រហារបានកើតឡើងកាលពីខែសីហា ឆ្នាំ២០២០ ដែលបានទម្លាក់លោក អ៉ីប្រាហ៊ីម បួបាខារ គៃតា (Ibrahim Boubacar Keita) ចេញពីតំណែងប្រធានាធិបតី។
គួរបញ្ជាក់ថា រដ្ឋាភិបាលបណ្ដោះអាសន្នដែលដឹកនាំដោយលោក បាហ៍ ណាដរ (Bah Nadaw) បានសន្យាថានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិងប្រធានាធិបតីនៅខែកុម្ភៈឆ្នាំ ២០២២ ដើម្បីស្តាររដ្ឋាភិបាលប្រជាធិបតេយ្យឡើងវិញ។ RT