លោក ចូ បៃដិន ស្នើសុំទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ដើម្បីស៊ើបអង្កេតប្រភពដើមនៃជំងឺកូវីដ១៩
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍ បានបញ្ជាឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក តាមដានរកប្រភពដើមនៃកូវីដ១៩ ហើយរាយការណ៍មកកាន់លោកវិញក្នុង ៩០ថ្ងៃ។ នេះបើតាមសារព័ត៌មាន The diplomat នៅថ្ងៃទី២៧ ឧសភា ឆ្នាំ២០២១
ស្ថានទូតចិនប្រចាំនៅអាមេរិកថាការស្រាវជ្រាវប្រភពដើមនៃមេរោគកូវីដ១៩ ជាភារកិច្ចរបស់អ្នកវិទ្យាសាស្ត្រ ហើយការប្រើប្រាស់ការស៊ើបអង្កេត ដើម្បីចំណេញនយោបាយនឹងបំផ្លាញដល់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។
យ៉ាងណាមិញ អង្គការសុខភាពពិភពលោក WHO បានច្រានចោលអំណះអំណាងដែលថា វីរុសកូវីដ១៩ត្រូវបានធ្លាយចេញពីមន្ទីរពិសោធន៍ បន្ទាប់ពីអ្នកជំនាញរបស់ WHO បានធ្វើដំណើរទស្សនកិច្ចរយៈពេល ១២ ថ្ងៃទៅប្រទេសចិន ដើម្បីស៊ើបអង្កេតពីប្រភពដើមនៃជំងឺកូវីដ១៩ក្នុងទីក្រុងវូហាន។
WHO ធ្លាប់បានបញ្ជាក់ថា វាមានលទ្ធភាពខ្ពស់ជាទីបំផុត ដែលវីរុសកូរ៉ូណាមានប្រភពដើមចេញពីសត្វ រួចទើបចម្លងទៅកាន់មនុស្ស។ RT