លោក ចូ បៃដិន សន្យាថានឹងប្ដេជ្ញាការពារអាហ្វហ្គានីស្ថានពីក្រុមភេវរករ ខណៈលោក Ghani គ្រោងជួបពិភាក្សានៅឯសេតវិមានសប្ដាហ៍នេះ
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងរៀបចំកិច្ចប្រជុំមួយនៅឯសេតវិមានជាមួយសមភាគីអាហ្វហ្គានីស្ថាន Ashraf Ghani និងប្រធានក្រុមប្រឹក្សាជាន់ខ្ពស់សម្រាប់ការផ្សះផ្សារជាតិរបស់អាហ្វហ្គានីស្ថាន លោក អាឌុលឡា នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីពិភាក្សាគ្នាស្តីពីការដកកងទ័ពអាមេរិក ចំពេលផ្ទុះការប្រយុទ្ធគ្នាខ្លាំងរវាងកងកម្លាំងអាហ្វហ្គានីស្ថាន និងក្រុមឧទ្ទាមតាលីបង់នៅទូទាំងប្រទេសមួយនេះ ។ នេះបើយោងតាមគេហទំព័រ CNA ចុះផ្សាយថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។
បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន នៅក្នុងជំនួបទល់មុខគ្នាលើកដំបូងនេះ លោក បៃដិន នឹងធ្វើការធានាអះអាងជាថ្មីដល់លោក ហ្គានី និងលោក អាប់ឌុលឡា ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកដល់ប្រជាជនអាហ្វហ្គានីស្ថាន ក្នុងនោះរួមមានទាំងការទូត សេដ្ឋកិច្ច និងជំនួយមនុស្សធម៌ជាដើម ។
បន្ថែមលើនេះ លោក បៃដិន ក៏នឹងសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់ខ្លួនសារជាថ្មីម្តងទៀត ដើម្បីធ្វើអោយប្រាកដថា ប្រទេសអាហ្វហ្គានីស្ថាននឹងគ្មានថ្ងៃក្លាយជាឋានសួគ៌សុវត្ថិភាពសម្រាប់ក្រុមភេវរករនោះឡើយ ។
ដោយឡែក លេខាធិការសេតវិមានលោកស្រី Jen Psaki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា“ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Ghani និងប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ Abdullah Abdullah នឹងបង្ហាញពីភាពជាដៃគូយូរអង្វែងរវាងសហរដ្ឋអាមេរិកនិងអាហ្វហ្គានីស្ថាននៅពេលដែលការដកកងទ័ពនៅតែបន្ត” ។
គួរកត់សម្គាល់ ចាប់តាំងពីការសម្រេចចិត្តរបស់លោក ចូ បៃដិន កាលពីខែមេសា ក្នុងការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាននៅថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ ដើម្បីបិទបញ្ចប់ភ្លើងសង្គ្រាមដ៏យូរបំផុតរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការប៉ះទង្គិចគ្នាជិត២០ឆ្នាំមកនោះ យ៉ាងហោចណាស់មានសង្កាត់ចំនួន៣០ក្នុងប្រទេសនោះ ត្រូវបានវាតទីគ្រប់គ្រងដោយក្រុមឧទ្ទាមតាលីបង់ ៕ RT