តូក្យូ៖ គណៈកម្មាធិការរដ្ឋាភិបាលជប៉ុននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានណែ នាំអោយមានការអនុម័តយល់ព្រមលើការប្រើប្រាស់វ៉ាក់សាំងរបស់ Moderna និង AstraZeneca ចំពេលដែលការរិះគន់កាន់តែច្រើន ជុំវិញការយឺតយ៉ាវក្នុងការចាក់ថ្នាំបង្ការជូនប្រជាជន ខណៈនៅសល់ពេល២ខែទៀត ដែលព្រឹត្តិការណ៍កីឡាអូឡាំពិកធ្វើឡើង។ នេះបើយោងតាមចុះផ្សាយដោយសារព័ត៌មាន CNA

នាពេលបច្ចុប្បន្នមានតែវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech តែមួយគត់ដែលទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសជប៉ុន ស្របពេលមានប្រជាជនតិចជាង២ភាគរយប៉ុណ្ណោះ នៃចំនួនប្រជាជនសរុបប្រមាណ១២៥លាននាក់ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ។ 

បើតាមមន្ត្រីក្រសួងសុខាភិបាលជប៉ុន គណៈកម្មាធិការគ្មានការជំទាស់ទេ ចំពោះការអនុម័តឲ្យប្រើប្រាស់នូវវ៉ាក់សាំងចំនួនពីរ ដែលត្រូវបានគេរំពឹងថា នឹងទទួលបានការអនុញ្ញាតជាផ្លូវការពីរដ្ឋាភិបាលនៅថ្ងៃសុក្រសប្តាហ៍នេះ ។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលចាក់វ៉ាក់សាំងធំពីរ ដែលប្រតិបត្តិការដោយយោធានៅទីក្រុងតូក្យូ និងអូសាកា នឹងបើកដំណើរការនាសប្តាហ៍ក្រោយ ហើយត្រូវបានគេរំពឹងថា នឹងប្រើប្រាស់វ៉ាក់សាំង Moderna សម្រាប់មនុស្សចាស់ក្នុងដំណាក់កាលដំបូង ៕ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ