ម៉ានីល៖ ក្រសួងសុខាភិបាលហ្វីលីពីន បាននិយាយនៅថ្ងៃអង្គារ ទី១១ ខែឧសភា នេះថា ប្រទេសរបស់ខ្លួន បានរកឃើញវីរុសបំប្លែងខ្លួនថ្មីរបស់ឥណ្ឌា ចំនួន២ ករណីដំបូង។ ខណៈអង្គការសុខភាពពិភពលោក (WHO) ទើបតែបានប្រកាសចាត់ទុកថា វីរុសបំប្លែងថ្មីមួយនេះ ជាវីរុសបង្កក្តីព្រួយបារម្ភខ្លាំងជាសកល។នេះបើយោងតាមសារព័ត៌មានBangkok Post

អាជ្ញាធរសុខាភិបាលហ្វីលីពីនបានគូសបញ្ជាក់ថា អ្នកផ្ទុកវីរុស COVID-19 បំប្លែងថ្មីទាំងពីរនាក់ខាងលើនេះ គឺសុទ្ធសឹងជាជនជាតិហ្វីលីពីន ដោយម្នាក់បានធ្វើដំណើរត្រឡប់មកពីប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងម្នាក់ទៀតមកពីប្រទេសអូម៉ង់ កាលពីអំឡុងខែមេសាកន្លងទៅនេះ។ 

យ៉ាងណាមិញ គិតត្រឹមថ្ងៃចន្ទម្សិលមិញ ហ្វីលីពីនមានករណីឆ្លង COVID-19 សរុប ១,១០៨,៨២៦ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១៨,៥៦២នាក់ និងជាសះស្បើយវិញ ១,០៣០,៣៦៧នាក់ ហើយប្រទេសនេះកំពុងឈរលេខ២ នៅតំបន់អាស៊ាន ដែលមានករណីឆ្លងច្រើន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់លេខ១។

គួរបញ្ជាក់ផងដែរថា ដើម្បីទប់ទល់នឹងវីរុស COVID-19 បំប្លែងថ្មី ប្រទេសហ្វីលីពីនកន្លងមកនេះ បានសម្រេចហាមឃាត់អ្នកដំណើរ ជាបណ្តោះអាសន្នមកពីប្រទេសឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា នេប៉ាល់ និងបង់ក្លាដែស។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ