ភ្នំពេញ ៖ លោកស្រី លី អាយទ្បែន នាយិកាអង្គការសុខភាពពិភពប្រចាំនៅកម្ពុជា បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ជាមួយគ្នានេះ លោកស្រីបានចាត់ទុកថា គម្រោងបើកប្រទេសឡើងវិញនៅពេលឆាប់ៗខាងមុខនេះ គឺជាដំណឹងល្អមួយ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសទទួលបានវ៉ាក់សាំងស៉ីណូវ៉ាក់ (Sinovac) ចំនួន១២៤,៨០០ដូសទៀត តាមរយៈយន្តការ COVAX (COVAX Facility) នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ លោកស្រី លី អាយឡែន បានលើកឡើងថា កម្ពុជាបានធ្វើការយ៉ាងអស្ចារ្យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទាំងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ហើយកម្ពុជាក៏ស្ថិតនៅក្នុងចំណោមប្រទេសឈានមុខគេ នៃការផ្តល់តម្លៃរបស់អង្គការសុខភាពពិភពលោក (WHO) នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការផ្តល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ជាពិសេសជនងាយរងគ្រោះ និងមន្រ្តីជួរមុខ។

លោកស្រីបានបន្ថែមថា ការផ្តល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋងាយរងគ្រោះ ធ្វើឱ្យកម្ពុជាធានានូវសុខភាពសាធារណៈ ដែលនឹងអាចឈានទៅការបើកដំណើរការសង្គមសេដ្ឋកិច្ចជាបន្តបន្ទាប់ទៀតបាន។តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៦៤៣,៤១៥នាក់។ ក្នុងរួមមាន៖ ទី១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ៩,៩៦៧,០៣៩នាក់, ទី២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៨០,៧០៧នាក់ និងទី៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៨៩៥,៦៦៩នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ