សម្ដេច ទៀ បាញ់ ប្រាប់អនុព័ន្ធយោធានៃស្ថានទូតចិន ថា ប្រទេសមួយចំនួន យកវីរុសកូវីដ-១៩ ធ្វើនយោបាយ បង្ខូចឈ្មោះអ្នកដទៃ
ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ប្រាប់អនុព័ន្ធយោធា នៃស្ថានទូតចិនប្រចាំកម្ពុជាថា មួយរយៈពេលនេះ មានប្រទេសមួយចំនួនយកជំងឺវីរុសកូវីដ-១៩ ធ្វើនយោបាយ បង្ខូចឈ្មោះអ្នកដទៃ និយាយផ្តេសផ្ដាសថែមទាំងបានគំរាមកំហែងដល់កិច្ចសហប្រតិបត្តិការរវាង យោធាចិន និងកម្ពុជា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ស្ថានទូតចិន ប្រចាំកម្ពុជា។
នាពេលថ្មីៗនេះ លោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសមជម្រាបលាជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។នាឱកាសនោះ សម្តេច ទៀ បាញ់ បានថ្លែងថា រយៈពេលពីរឆ្នាំកន្លងមកនេះ ក្រោមការពុះពាររាល់ផលប៉ះនៃជំងឺកូវីដ១៩ កងទ័ពទាំងពីរប្រទេសបានរួមសុខរួមទុក្ខជាមួយគ្នា បានលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែស៊ីជម្រៅ បានលើកកម្ពស់ចំណងមិត្តភាពដែកថែបថែមមួយកម្រិតទៀត ទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនក្នុងវិស័យដូចជាការទប់ស្កាត់ជំងឺវីរុស លំហាត់រួមគ្នា និងកិច្ចសហប្រតិបត្តិការគម្រោងធំៗផ្សេងទៀតជាដើម។
សម្ដេចបានបន្ដថា ជាពិសេសនោះគឺ ភាគីចិន បានផ្តល់ជំនួយជាវ៉ាក់សាំងកូវីដនិងសម្ភារៈទប់ស្កាត់យ៉ាងច្រើនជូនដល់ភាគីកម្ពុជា និងព្រមទាំងបានចាត់បញ្ជូនក្រុមអ្នកជំនាញយោធាវេជ្ជសាស្រ្តដំបូងគេលើសកលលោកមកកាន់ប្រទេសកម្ពុជា បានជួយដល់ភាគីកម្ពុជាក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសកូវីដ-១៩។សម្ដេច មានប្រសាសន៍ថា «មួយរយៈពេលនេះ មានប្រទេសមួយចំនួនបានយកជំងឺវីរុសធ្វើនយោបាយ បង្ខូចឈ្មោះអ្នកដទៃ និយាយផ្តេសផ្ដាសថែមទាំងបានគំរាមកំហែងដល់កិច្ចសហប្រតិបត្តិការរវាងយោធាចិននិងកម្ពុជា។ យើងប្រឆាំងជាដាច់ខាត នឹងជម្នះរាល់ការរំខានពីខាងក្រៅ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី បន្តផ្តល់អត្ថប្រយោជន៍ជូនដល់ប្រជាជនទាំងពីរប្រទេស»។
នាឱកាសនោះ លោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ការិយាល័យអនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជារីករាយបន្តសហការជាមួយភាគីកម្ពុជា អនុវត្តកុងសុងស៊ីសយុទ្ធសាស្រ្តរបស់ថ្នាក់ដឹកនាំ បន្តជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យយោធានៃប្រទេសទាំងពីរ រួមចំណែកកាន់តែធំធេងនិងថ្មីៗឥតឈប់ឈរសម្រាប់ការជំរុញអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត