(ភ្នំពេញ)៖រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃបានសម្រេចកែសម្រួលសមត្ថកិច្ចរបស់នគរបាលជាតិក្នុងការធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ។
សៀវភៅគ្រួសារ ពីមុនជាសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវរុញទម្លាក់មកនៅត្រឹមអធិការដ្ឋាននគរបាលស្រុក ឬខណ្ឌវិញ។ ដោយឡែកសៀវភៅស្នាក់នៅដែលធ្លាប់ធ្វើនៅអធិការដ្ឋាននគរបាលស្រុក ឬខណ្ឌ ត្រូវរុញទម្លាក់មកនៅត្រឹមប៉ុស្តិ៍នគរបាលឃុំ សង្កាត់ជំនួសវិញ។យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលឆ្នាំ១៩៩៧ បានចែងថា សៀវភៅគ្រួសារ ជាសៀវភៅប្រើប្រាស់សម្រាប់បញ្ជាក់ ពីសមាជិកគ្រួសារដែលមានសញ្ជាតិខ្មែរ និងពីចំណងញាតិភាពនៃគ្រួសារនីមួយៗ រួមមានសហព័ទ្ធ និងកូនបង្កើត ឬកូនសុំ។ គ្រួសារនីមួយៗ ដែលជាប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវមានសៀវភៅគ្រួសារមួយ។ជនបរទេសគ្មានសិទ្ធិកាន់កាប់ ប្រើប្រាស់សៀវភៅគ្រួសារនេះទេ។ ជនណាដែលគ្មានសញ្ជាតិខ្មែរ ហើយក្លែងបន្លំតាមរូបភាពណាក៏ដោយ ដើម្បីកាន់កាប់សៀវភៅគ្រួសារ ឬអាជ្ញាធរមានសមត្ថកិច្ចណា ដែលអនុវត្តភារកិច្ចនេះ ផ្ទុយពីបទបញ្ញត្តិនៃអនុក្រឹត្យស្តីពីសៀវភៅគ្រួសារនេះ ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។សៀវភៅស្នាក់នៅវិញ យោងតាមអនុក្រឹត្យឆ្នាំ១៩៩៧ដដែល បានចែងថា សៀវភៅស្នាក់នៅ ជាសៀវភៅសម្រាប់ប្រើប្រាស់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួនមនុស្សដែលស្នាក់នៅក្នុងគេហដ្ឋាននីមួយៗ។ សៀវភៅនេះមិនសម្រាប់បញ្ជាក់អំពីញាតិភាព ឬសញ្ជាតិខ្មែរនៃមនុស្សដែលមានឈ្មោះក្នុងបញ្ជីសៀវភៅនេះឡើយ។ក្នុងអនុក្រឹត្យបានបញ្ជាក់ទៀតថា ជនគ្រប់រូបដែលជាអ្នកទទួលខុសត្រូវចម្បងនៃគេហដ្ឋាននីមួយៗ ទោះជាជននោះជាម្ចាស់ផ្ទះក្តី ឬ ជាអ្នកជួលក្តី មានកាតព្វកិច្ច ចុះក្នុងសៀវភៅស្នាក់នៅ នូវឈ្មោះមនុស្សគ្រប់រូប ដែលរស់នៅជាប់លាប់ជាមួយខ្លួន។សៀវភៅទាំងពីរនេះ ក៏ជាឯកសារបញ្ជាក់អត្តសញ្ញាណដ៏សំខាន់ផងដែរ សម្រាប់យកទៅធ្វើជាសក្ខីកម្មក្នុងការធ្វើលិខិតស្នាមចាំបាច់ដទៃទៀត៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ