ក្រោយពីសង្គ្រោះអណ្តើកហ្លូងជំទង់ដែលធ្លាប់ជាប់ផ្លែសន្ទូច ពេលនេះក្រុមការងារអភិរក្សអណ្ដើកនៃអង្គការ WCSបានបញ្ជូនអណ្ដើកហ្លួងនេះទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង ដើម្បីពិនិត្យព្យាបាលនិងតាមដានសុខភាព
ក្រុមការងារអភិរក្សអណ្ដើកនៃអង្គការ WCS សហការជាមួយ រដ្ឋបាលជលផល បានបញ្ជូនអណ្ដើកហ្លួងជំទង់មួយក្បាលជាប្រភេទជិតផុតពូជបំផុតនៅលើសកលលោកទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង ដើម្បីពិនិត្យព្យាបាលនិងតាមដានសុខភាព។ អណ្ដើកនេះបានជាប់ផ្លែសន្ទូចដែលគេដាក់បង្កៃត្រីននេល និងត្រូវបានប្រជានេសាទប្រទះឃើញកាលពីថ្ងៃទី៥ ខែកក្កដា នៅតាមដងព្រែកស្រែអំបិល ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ នេះបើយោងតាមប្រភពពី WCS។
ប្រជានេសាទរូបនេះបានយកអណ្ដើកមកប្រគល់ជូនក្រុមការងារនៃអង្គការ WCS នៅស្រុកស្រែអំបិល។ បន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់មើលលេខសម្គាល់អត្តសញ្ញាណនៅលើបន្ទះឈីប (micro-chip) ដែលបានបង្កប់នៅក្នុងជើងខាងស្ដាំរបស់វាមក ក្រុមការងារបានបញ្ជាក់ថា អណ្ដើកនេះត្រូវបានលែងចូលក្នុងប្រព័ន្ធព្រែកស្រែអំបិលកាលពីខែមេសា ឆ្នាំ ២០១៩ ហើយក្រោយមកក្រុមការងារមិនដែលបានស្វែងរកឃើញអណ្ដើកនេះម្ដងណាឡើយ។
ដោយសារអណ្ដើកនេះមានរបួសមាត់បន្តិចក្រោយពីដោះផ្លែសន្ទូចចេញ ក្រុមការងារបានរក្សាអណ្ដើកនេះទុកក្នុងមជ្ឈមណ្ឌលពីរបីថ្ងៃដើម្បីពិនិត្យតាមដានសុខភាពមុននឹងលែងវាចូលទៅក្នុងទីជម្រកធម្មជាតិវិញ។ ក្រុមការងារទាំងអស់ សូមថ្លែងអំណរគុណដល់ប្រជានេសាទដែលបានចូលរួមសហការនិងបានប្រគល់អណ្ដើកហ្លួងនេះជូនវិញដោយផ្ទាល់ ក្នុងស្មារតីចូលរួមការងារអភរិក្សសត្វដ៏កម្រនេះ។
អង្គការ WCS និងដៃគូ ជា ច្រើនកំពុងធ្វើការរួមគ្នាដើម្បីទប់ស្កាត់ការចាប់និងការជួញដូរខុសច្បាប់នូវប្រភេទ អណ្តើកជិតផុតពូជនានាក្រោមគម្រោង «ដៃគូប្រយុទ្ធប្រឆាំងបទល្មើសសត្វព្រៃគាំទ្រដោយ សហភាពអឺរ៉ុប»៕ដោយPP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ