ថ្នាក់ដឹកនាំនាយកដ្ឋានព័ត៌មានវិទ្យា ចូលរួមកិច្ចប្រជុំអន្តរក្រសួងពិភាក្សា និងប្រមូលធាតុចូលសម្រាប់សេចក្តីព្រាងអនុក្រឹត្យពីការផ្លាស់ប្តូរទិន្នន័យតាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDx)
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ គឹម សិរីវុឌ្ឍ អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា តំណាង លោកឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សា និងប្រមូលធាតុចូលសម្រាប់សេចក្តីព្រាងអនុក្រឹត្យពីការផ្លាស់ប្តូរទិន្នន័យតាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDx)ដែលដឹកនាំដោយ លោក គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ តាមរយៈប្រព័ន្ឋវីដេអូពីចម្ងាយ ដោយមានអញ្ជើញចូលរួមពីក្រុមការងារ និងមន្ត្រីជំនាញព្រមទាំងតំណាងក្រសួងពាក់ព័ន្ឋជាច្រើនរូបផងដែរ។
សូមជម្រាបជូនថា CamDX គឺជាថ្នាលសម្រាប់ផ្លាស់ប្ដូរទិន្នន័យសម្រាប់ការផ្លាស់ប្ដូរទិន្នន័យក្នុងរដ្ឋាភិបាលឌីជីថល។ សម្រាប់អនុក្រឹត្យនេះគឺកំណត់អំពីការគ្រប់គ្រងការផ្លាស់ប្ដូរទិន្នន័យរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀត របស់ក្រសួង-ស្ថាប័ន និងវិស័យឯកជន ក្នុងក្របខណ្ឌអន្តរប្រតិបត្តិការតាមរយៈថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា ប្រកបដោយសុវត្ថិភាព តម្លាភាព និងគណនេយ្យភាព៕ប្រភព៖នាយកដ្ឋានព័ត៌មានវិទ្យា