(វៀតណាម)៖តុលាការវៀតណាមបានសម្រេចកាត់ទោសដាក់ពន្ធនាគារចំនួន៥ឆ្នាំ ពលរដ្ឋម្នាក់ ពីបទបានរំលោភច្បាប់ធ្វើចត្តាឡីស័ក ហើយលួចចេញដើរទៅចម្លងជំងឺកូវីដ១៩ ដល់មនុស្សដទៃជាច្រើននាក់។មានអាយុ២៨ឆ្នាំ រស់នៅក្រុងហូជីមិញ Le Van Tri បានត្រលប់ទៅលេងស្រុកកំណើត នៅខេត្ត ចាម៉ូវ Ca Mau កាលពីខែកក្កដា ក្នុងអំឡុងពេលប្រទេសកំពុងផ្ទុះជំងឺកូវីដ១៩ខ្លាំង ត្រូវបានតុលាការរកឃើញថាមានទោស ពីបទបានចម្លងជំងឺកំណាចទៅអ្នកដទៃ។ នេះបើតាមសេចក្តីសម្រេចរបស់តុលាការមូលដ្ឋាន ដែលចេញផ្សាយជាសាធារណៈតាមប្រព័ន្ធអ៊ីនធ័រនែត។
ជាប់ចោទថាមិនគោរពចត្តាឡីស័ក ដែលអាជ្ញាធរសុខាភិបាលតម្រូវឱ្យនៅក្នុងផ្ទះ ចំនួន ២១ថ្ងៃ ពេលមកដល់ស្រុកកំណើតភ្លាម បុរសនេះ មានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី ៧ កក្កដា ហើយបានចម្លងមេរោគទៅមនុស្សជាច្រើននាក់ផ្សេងទៀត ក្នុងនោះមានម្នាក់បានស្លាប់ នៅថ្ងៃទី ៧សីហា។ នេះបើតាមសេចក្តីលម្អិតរបស់តុលាការដដែល។ ទូរទស្សន៍ជាតិបានលើកឡើងថាបុរសជាប់ទោសនេះ បានធ្វើឱ្យមនុស្សយ៉ាងហោច៨នាក់បានធ្លាក់ខ្លួនវិជ្ជមានកូវីដ១៩។ស្ថិតនៅភាគខាងត្បូងនៃប្រទេសវៀតណាម ខេត្ត ចាម៉ូវ ពេលនោះ ពុំទាន់រងការរាតត្បាតពីកូវីដ១៩ទេ។
សូមបញ្ជាក់ថា បន្ទាប់ពីជាប់ឈ្មោះល្អ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នៅឆ្នាំដំបូង ឆ្នាំ២០២០ អស់ពេញមួយឆ្នាំ ដោយមានចំនួនអ្នកឆ្លងថ្មីតិចតួចបំផុតនោះ វៀតណាមបានស្គាល់រលករាតត្បាតស្ទុះឡើងខ្លាំង និងយ៉ាងធ្ងន់ធ្ងរ នាពេលនេះ។ចំនួនអ្នកឆ្លងកូវីដបានកើនឡើងយ៉ាងឆាប់រហ័ស ចាប់ពីចុងខែមេសា២០២១មក រហូតឡើងដល់ជាងកន្លះលាននាក់ (ជាង៥៤០០០០នាក់) និងមានអ្នកស្លាប់ដល់ទៅ១៣០០០នាក់។ រដ្ឋធានីហាណូយ និងក្រុងហូជីមិញ ជាជង្រុកកូវីដធំជាងគេ និងត្រូវជាប់បម្រាមបិទខ្ទប់យ៉ាងតឹងតែងបំផុត នារយៈពេលប៉ុន្មានខែចុងក្រោយនេះ។
នៅវៀតណាម មានមនុស្សជាច្រើននាក់ហើយដែលតុលាការបានកាត់ទោសដាក់ពន្ធនាគារពីបទចម្លងកូវីដទៅអ្នកដទៃនោះ។ កាលពីខែកក្កដា មានបុរសម្នាក់អាយុ៣២ឆ្នាំរស់នៅតំបន់ភាគខាងជើង ត្រូវជាប់ពន្ធនាគារចំនួន១៨ខែ។ ភ្នាក់ងារបំរើការក្នុងយន្តហោះម្នាក់ត្រូវជាប់ទោសនៅក្រៅឃុំចំនួនពីរឆ្នាំ កាលពីខែមីនា ដោយមូលហេតុដូចគ្នាតែមួយ គឺបានចម្លងវីរុសកូវីដ១៩ទៅអ្នកដទៃ៕
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត