(សិង្ហបុរី)៖ បុរសអ្នករត់តាក់ស៊ីជនជាតិសិង្ហបុរី អាយុ៦៩ឆ្នាំម្នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ២សប្តាហ៍ និងរងពិន័យ២០០០ដុល្លារសិង្ហបុរី (១៥០០ដុល្លារអាមេរិក) បន្ទាប់ពីបានជេរមន្ត្រីភ្នាក់ងារបរិស្ថានជាតិ (NEA) ពីរនាក់ដែលបានទៅរារាំងខ្លួនមិនឲ្យជក់បារីនៅចំណតរថយន្តមួយកន្លែង។បុរសឈ្មោះ Tay Teng How ត្រូវបានរកឃើញថា មានទោសដោយបានប្រើពាក្យជេរប្រមាថលើមន្ត្រីសាធារណៈ។ នេះបើតាមការផ្សាយរបស់ CNA ដោយបញ្ជាក់ថា រឿងរ៉ាវ បានកើតឡើងតាំងពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំមុន។

នាពេលនោះ មន្ត្រីបរិស្ថាន NEA ទាំងពីររូបដែលជាជនជាតិម៉ាឡេស៊ីដើមកំណើតឥណ្ឌា បានប្រទះឃើញលោក Tay ជក់បារីនៅចំណតរថយន្តមួយកន្លែង ហើយក៏ជាតំបន់ដែលហាមជក់បារីផងដែរ។ពេលមន្ត្រីទៅដល់ Tay បដិសេធផ្តល់កាតសម្គាល់ខ្លួន ហើយថែមទាំងប្រើពាក្យសម្តីមិនសមរម្យទៅកាន់មន្ត្រីម្នាក់ ដោយគេបានទាមទារទឹកជែលលាងដៃជាមុនសិន។ Tay បាននិយាយថា គេមិនដឹងថា មន្ត្រី NEA មានកូវីដ-១៩ ឬយ៉ាងណានោះឡើយ ហើយមានអារម្មណ៍ថាគ្មានសុវត្ថិភាព ដូច្នេះបានចង់បានជែលលាងដៃសិន មិនសហការផ្តល់កាតសម្គាល់ខ្លួន។

 រដ្ឋអាជ្ញាម្នាក់បានកត់ត្រាសំដីដែល Tay និយាយទៅកាន់មន្ត្រី NEA ថា៖ «កាន់របស់ខ្ញុំ ហើយបន្ទាប់មកឲ្យខ្ញុំវិញ ខ្ញុំមិនដឹងថា ពួកលោកកើតកូវីដ ឬយ៉ាងណានោះឡើយ។ អ្នកទាំងពីរ មិនដឹងថា មកពីឥណ្ឌា ឬមកកន្លែងផ្សេងទៀតនោះទេ...»ក្រោយបានកាតវិញ Tay បានបោះវាទៅក្បែរកន្លែងអង្គុយ ហើយបានជូតដៃទាំងពីររបស់ខ្លួនលើដៃអាវមន្ត្រីម្នាក់ ដោយអះអាងចង់សម្អាតដៃឲ្យស្អាត។

ការព្រួយបារម្ភឆ្លងកូវីដ-១៩ ក៏ត្រូវបានលើកយកទៅពិភាក្សានៅក្នុងអង្គសវនាការផងដែរ ប៉ុន្តែតុលាការរកឃើញថា វាគ្រាន់តែជាលេសប៉ុណ្ណោះ ហើយក្រោយ Tay បានសារភាពប្រាប់ចៅក្រមពីការសោកស្តាយចំពោះទង្វើរបស់ខ្លួន ដោយបញ្ជាក់ថា គាត់មានបញ្ហាតប់ប្រម៉ល់នារយៈពេលចុងក្រោយនេះ។

នៅសិង្ហបុរី ក៏បានប្រើពាក្យជេរប្រមាថមន្ត្រីសាធារណៈ អាចប្រឈមការពិន័យរហូតដល់៥០០០ដុល្លារសិង្ហបុរី (ជាង៣៧០០ដុល្លារអាមេរិក) និងជាប់ពន្ធនាគារឡើងដល់១ឆ្នាំ ហើយបើមានការប្រើកម្លាំង កម្រិតទោសអាចឡើងដល់៤ឆ្នាំ៕PP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ