(ភ្នំពេញ)៖ អ្នកជំងឺមានវិជ្ជមានកូវីដ១៩ម្នាក់ទៀត ដែលជាយុវតីខ្មែរ រស់នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ខណៈកំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៉ី)។ អ្នកជំងឺដែលទទួលមរណភាពថ្មីនេះភេទស្រី អាយុ២៨ឆ្នាំ រស់នៅសង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកដំបូង ដោយសារគាត់មានជំងឺប្រចាំកាយដូចជា៖ ជំងឺទឹកនោមផ្អែមប្រភេទ១ ជំងឺខ្សោយតម្រង់នោមធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ អាចជាមូលហេតុបណ្តាលឱ្យអ្នកជំងឺនេះធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទោះបីជាក្រុមគ្រូពេទ្យ បានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះព្យាបាលតាមបច្ចេកទេស ដោយរួមផ្សំការប្រើប្រាស់ ម៉ាស៉ីនជំនួយដង្ហើមផងនោះ នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៤៖៤០នាទីរសៀល។នេះបើតាមសេចក្តីប្រកាស ក្រសួងសុខាភិបាល។ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ