លោក  ឃឹម ហ្វីណង់  :  ចូលរួមសន្និបាតប្រចាំឆ្នាំរបស់«សហគមន៍ទេសចរណ៍បឹងឈូក»៖ គំរូភាពនៃសហគមន៍ ដែលអាចធានាបាននូវការរីកចម្រើនប្រកបដោយបរិយាប័ន ការពារផលប្រយោជន៍រួមនៅក្នុងសហគមន៍ និងចូលរួមការអភិវឌ្ឍប្រកបដោយចីរភាព។ 


សហគមន៍ទេសចរណ៍បឹងឈូក អាចចាត់ទុកបានថាជាសហគមន៍គំរូមួយ ដែលបានធ្វើការយ៉ាងជិតស្និទ្ធជារដ្ឋបាលស្រុកបន្ទាយស្រី លើការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងរយៈកាលកន្លងមក។ សហគមន៍ដែលមានសមាជិកមកពីប្រមាណ៣០០គ្រួសារនេះ មានរចនាសម្ព័ន្ធគ្រប់គ្រង និងលក្ខន្តិកច្បាស់លាស់ មានរបបប្រជុំនិងការបោះឆ្នោតជ្រើសរើសតំណាងដឹកនាំជាប្រចាំ ក៏ដូចជាមានការបង្កើតទុន និងការបែងចែកភាគលាភបានយ៉ាងត្រឹមត្រូវ។ ក្រៅពីបានបង្កើតកាងារ និងប្រាក់ចំណូលដល់សមាជិករបស់ខ្លួន សហគមន៍ក៏បានបង្ហាញពីការទទួលខុសត្រូវ តាមរយៈការបង្កើតមូលនិធិដាច់ដោយឡែក ដើម្បីចូលរួមយ៉ាងសកម្មលើការងារអភិរក្សជីវៈចម្រុះរបស់បឹង ឃ្លាំមើលការកាប់បំផ្លាញព្រៃឈើឬទន្ទ្រានយកដី និងចូលរួមថែរក្សាបរិស្ថានអនាម័យជាមួយរដ្ឋបាលស្រុកជាប្រចាំផងដែរ។ 


បើទោះជាស្ថិតនៅក្នុងកាលៈទេសៈនៃកូវីដ១៩ក៏ដោយ ក៏សហគមន៍បានបន្តពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងឆាប់រហ័ស និងមើលឃើញកំណើននៃប្រាក់ចំណូលនៅក្នុងឆ្នាំ២០២០កើនឡើងពី៥ទៅ៦ដងធៀបនឹងឆ្នាំ២០១៩។ អ្វីដែលពិសេសនោះគឺ ផ្លែផ្កានៃការរីកចម្រើនទាំងនេះត្រូវបានបែងចែកជាភាគលាភប្រកបដោយសមធម៌ទៅដល់គ្រប់សមាជិកនីមួយៗទាំង៣០០គ្រួសារនៅក្នុងសហគមន៍ ទោះក្នុងចំនួនតិចក្តីច្រើនក្តី។ ភាពជោគជ័យនៃសហគមន៍បឹងឈូកបាន និងកំពុងក្លាយទៅជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ជាគំរូដល់ការបង្កើតសហគមន៍ផ្សេងៗទៀតនៅក្នុងស្រុកបន្ទាយស្រី ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍនៅក្នុងមូលដ្ឋានមួយ ដែលមាននិរន្តភាព។


សហគមន៍ទេសចរណ៍បឹងឈូកគឺជាប្រតិបត្តិករនៃរមណីយដ្ឋានបឹងឈូកបន្ទាយស្រី ដែលកំពុងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តពី៥០០នាក់ទៅ១០០០នាក់ក្នុងមួយថ្ងៃៗ ដោយសារតែសម្រស់ធម្មជាតិព្រៃភ្នំដ៏ស្រស់ស្អាត ផ្ទៃបឹងធំល្វឹងល្វើយ ខ្យល់អាកាសល្អបរិសុទ្ធ មានរៀបចំជាកញ្ចុះបណ្តែតទឹក និងសេវាម្ហូបអាហារគ្រប់ប្រភេទរួមនឹងការជិះទូកកម្សាន្តទស្សនាព្រៃកោងកាង សត្វស្លាប និងជីវៈចម្រុះច្រើនប្រភេទ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ