ការលេងនៅកម្ពុជាសាជាថ្មីនាពេលខាងមុខ គឺជាបំណងមួយរបស់អ្នកចាំទី យូ អាឡិចហ្សង់ ដែលបានវិលទៅប្រទេសបារាំងវិញ ក្រោយចប់រដូវកាល២០១៩នៃក្របខណ្ឌ Metfone Cambodian League តែអ្វីសំខាន់នោះ គឺការផ្ដល់លក្ខខណ្ឌអាចទទួលយកបាន។ 

កូនខ្មែរកាត់ថៃសញ្ជាតិបារាំងខាងលើបង្ហើបថាបច្ចុប្បន្ននេះ គេកំពុងជួយមើលការខុសត្រូវមុខជំនួញឪពុកម្ដាយ ស្របពេលប្រទេសកំពុងរងផលប៉ះពាល់ពីវីរុសកូរ៉ូណា។ យ៉ាងណា ចិត្តរបស់គេនៅតែនឹករឭកដល់កម្ពុជាគ្រប់ពេល។

អតីតសមាជិកក្លិបភ្នំពេញក្រោន និងបឹងកេត ឲ្យដឹងបែបនេះ “៖ចិត្តវាមាន តែស៊ីសងលើការពិភាក្សាពី គម្រោងរបស់គេ ថាគេចង់បានអី។ នៅបារាំងក៏ខ្ញុំមានឱកាសដែរ ទើបខ្ញុំសម្រេចចិត្តមកវិញ តែដោយសារបញ្ហាវីរុសកូរ៉ូណា ទើបរាំងស្ទះការងារមួយចំនួន។”

ដោយឡែក អំឡុងនៅឃ្លាតពីបាល់ទាត់ អតីតយុវជនក្លិប Toulouse បង្ហើបថា នៅតែបន្តការហ្វឹកហាត់រក្សាកាយសម្បទា ដោយឆ្លៀតរត់នៅក្បែរៗផ្ទះរយៈពេលពីចន្លោះ២០ទៅ២៥នាទី។

គួរដឹងដែរថា យូ អាឡិចហ្សង់ ចំណាយពេលពីរដូវកាលនៅក្របខណ្ឌកំពូលកម្ពុជា ដោយលេងឲ្យភ្នំពេញក្រោន នៅឆ្នាំ២០១៨ និងចុងក្រោយ គឺបឹងកេត ឆ្នាំ២០១៩ ដែលរូបគេបានរួមចំណែកលើកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ផងដែរ៕ 

អត្ថបទ៖ CNCC

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ