សាកសពត្រីបាឡែនដែលគេជឿថាជាត្រីដ៏ធំបំផុតមួយដែលមិនធ្លាប់មាននៅសមុទ្រមេឌីទែរ៉ាណេ ត្រូវបានគេរកឃើញនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអ៊ីតាលី។
ឆ្មាំសមុទ្របានប្រាប់ពីទីតាំងត្រីបាឡែនដែលប្រទះឃើញនៅកំពង់ផែសូរិនតូ (Sorrento) ក្បែរក្រុង Naples កាលពីថ្ងៃអាទិត្យ។
ក្រុមមន្រ្តីបាននិយាយថាឆ្មាំសមុទ្ររកឃើញសាកសពត្រីបាឡែននេះដោយសារតែ សង្កេតឃើញកូនត្រីបាឡែនមួយដែលមើលទៅហាក់ដូចជាមានសភាពទុក្ខសោក ដែលជាហេតុបណ្តាលឱ្យពួកគេចុះប្រតិបត្តិការដោយរកឃើញសាកសពត្រីដែលមានទម្ងន់ ៧០ តោន នេះអណ្តែតលើផ្ទៃសមុទ្រ ហើយបញ្ចប់ប្រតិបត្តិការដោយការទាញវាយកមកលើគោករួចរាល់កាលពីថ្ងៃពុធ។
ឆ្មាំសមុទ្របន្តទៀតថាវាប្រហែលជា "គ្រោងឆ្អឹងត្រីបាឡែនដ៏ធំបំផុតមួយ" ដែលមិនធ្លាប់មាននៅក្នុងតំបន់។ គេនឹងយកសាកសពត្រីនេះទៅពិនិត្យដោយអ្នកជីវវិទូសមុទ្រនិងអ្នកជំនាញផ្សេងទៀតក្នុងការស៊ើបអង្កេតរកមូលហេតុនៃការស្លាប់នេះ។ គេក៏មានផែនការសម្រាប់ដាក់បង្ហាញនៅក្នុងសារមន្ទីរផងដែរ។
ទន្ទឹមនឹងនេះ ឆ្មាំសមុទ្រក៏កំពុងឃ្លាំមើលរកសញ្ញាបន្ថែមទៀតនៃកូនត្រីបាឡែនដែលបាននាំពួកគេទៅកាន់គ្រោងឆ្អឹង ហើយវាបានបាត់ខ្លួនចូលក្នុងសមុទ្រវិញទៅ។