NEW DELHI៖ កសិករឥណ្ឌា តវ៉ានឹងច្បាប់កសិកម្មថ្មីចំនួន ៣ ដែលពួកគេនិយាយថា គំរាមកំហែងដល់ជីវភាពរស់នៅរបស់ពួកគេ ដោយនឹងចាប់ផ្តើមអង្គុយនៅជិតវិមានរដ្ឋសភានៅកណ្តាលរដ្ឋធានីញូវដែលី (NEW DELHI) ក្នុងការជំរុញជាថ្មីដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលលុបចោលច្បាប់ទាំងនោះវិញ។
នៅក្នុងការតវ៉ារបស់អ្នកដាំដុះជាយូរមកហើយប្រឆាំងនឹងរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីNarendra Modi កសិកររាប់ម៉ឺននាក់បានបោះជំរំនៅលើផ្លូវធំៗឆ្ពោះទៅកាន់ទីក្រុងញូវដែលីអស់រយៈពេលជាង ៧ ខែ។
នៅពេលមានការប្រជុំសភាមូសុង (monsoon session of parliament) របស់ប្រទេសឥណ្ឌា នឹងចាប់ផ្តើមនៅសប្តាហ៍នេះ កសិករដែលតវ៉ាមួយចំនួនបានព្យាយាមដើរក្បួនទៅកាន់កន្លែងរបស់រដ្ឋាភិបាល ប៉ុន្តែពួកគេត្រូវបានបញ្ឈប់ដោយប៉ូលីសដែលនៅចំងាយមិនប៉ុន្មានម៉ាយល៍ពីវិមានរដ្ឋសភា។
នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមអ្នកតវ៉ា ២០០ នាក់ នឹងប្រមូលផ្តុំគ្នានៅឯ Jantar Mantar ដែលជាកន្លែងសង្កេតការណ៍សម័យ Mughal ដ៏ធំមួយនៅកណ្តាលទីក្រុងញូវដែលី ដែលជាកន្លែងតវ៉ាសម្រាប់បុព្វហេតុគ្រប់បែបយ៉ាង។
លោក Balbir Singh Rajewal មេដឹកនាំកសិករឈានមុខគេ បាននិយាយថា “ពេញមួយសម័យប្រជុំសភាមូសុង កសិករ ២០០ នាក់ នឹងទៅ Jantar Mantar ជារៀងរាល់ថ្ងៃដើម្បីធ្វើសមាជកសិករ ដើម្បីរំលឹករដ្ឋាភិបាលអំពីតំរូវការដែលយើងរង់ចាំជាយូរមកហើយ” ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានប្រកាសថា បន្ទាប់ពីការចរចារយ៉ាងយូរ ប៉ូលីសក្រុងដេលីបានយល់ព្រមអោយកសិករ ២០០ នាក់ ប្រមូលផ្តុំគ្នា នៅពេលថ្ងៃនៅឯ Jantar Mantar ប៉ុន្តែក្រុមអ្នកតវ៉ាត្រូវអនុវត្តន៍តាមគោលការណ៍ណែនាំពីមេរោគឆ្លងកូរូណាវីរុស ដែលចេញដោយអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយដេលី។
យ៉ាងណាម៉ិញ នៅចុងខែមករា កសិករដែលមានកំហឹងរាប់ពាន់នាក់ បានប៉ះទង្គិចជាមួយប៉ូលីស បន្ទាប់ពីបានបើកត្រាក់ទ័ររបស់ពួកគេចូលទៅបុករបាំងការពារសន្តិសុខ។ ហេតុការណ៍នោះដែរ បាតុករម្នាក់ត្រូវបានសម្លាប់ ហើយមន្រ្តីប៉ូលីសជាង ៨០ នាក់ បានរងរបួសនៅទូទាំងទីក្រុង។
ក្រុមកសិករនិយាយថា ច្បាប់អនុគ្រោះដល់អ្នកលក់រាយឯកជនធំៗ ដែលកាលពីមុនពេលមានច្បាប់ថ្មី មិនត្រូវបានអនុញ្ញាតឱ្យទិញកសិផលនៅខាងក្រៅទីផ្សារលក់ដុំគ្រាប់ធញ្ញជាតិដែលកំណត់ដោយរដ្ឋាភិបាលនោះទេ។ តែរដ្ឋាភិបាលនិយាយថា ច្បាប់ដែលត្រូវបានណែនាំនៅក្នុងខែកញ្ញា ឆ្នាំ ២០២០ នឹងរារាំងកសិករពីការលក់ផលិតផលរបស់ពួកគេ តែនៅទីផ្សារលក់ដុំដែលមានកំណត់ប៉ុណ្ណោះ។ វាជាការអះអាងថា កសិករនឹងទទួលបាន ប្រសិនបើឈ្មួញធំ អ្នកលក់រាយ និងអ្នកកែច្នៃអាហារអាចទិញដោយផ្ទាល់ពីអ្នកផលិត។
គួររំលឹកថា សម័យប្រជុំសភាមូសុងនឹងបញ្ចប់នៅដើមខែសីហា។ NR