ការប្រឆាំងតវ៉ានៅមីយ៉ាន់ម៉ា៖ មេដឹកនាំស៊ីវិលកំពុងលាក់ខ្លួន និងប្តេជ្ញាដើម្បីបន្ត “បដិវត្ត”
មេដឹកនាំក្រុមអ្នកនយោបាយមីយ៉ាន់ម៉ាមួយក្រុមដែលត្រូវបានបណ្ដេញចេញដោយរដ្ឋប្រហារយោធា បានប្តេជ្ញាថានឹងបន្តធ្វើបាតុកម្មប្រឆាំងនឹងអាជ្ញាធរ។
នៅក្នុងសុន្ទរកថាសាធារណៈលើកដំបូងរបស់លោក Mahn Win Khaing Than បាននិយាយថា "នេះគឺជាពេលវេលាដ៏ខ្មៅងងឹតបំផុតរបស់ប្រទេសជាតិ និងជាខណៈពេលដែលជិតភ្លឺវិញហើយ" ។ ក្រៅពីការលាក់ខ្លួន គាត់បានដឹកនាំក្រុមអ្នកតាក់តែងច្បាប់ដែលបានបដិសេធមិនទទួលយករដ្ឋប្រហារកាលពីខែមុន។ ជាមួយគ្នានេះដែរ មានអ្នកតវ៉ាចំនួន ១២ នាក់ត្រូវបានគេរាយការណ៍ថា ត្រូវបានសម្លាប់នៅថ្ងៃសៅរ៍។
ជាក់ស្តែង សមាជិកសភាគណបក្ស NLD ដែលបានរត់គេចពីការចាប់ខ្លួន បានបង្កើតក្រុមថ្មីមួយដែលជាគណៈកម្មាធិការដើម្បីតំណាងរាស្រ្តសភា (CRPH) ដោយមានលោក Mahn Win Khaing Than ត្រូវបានតែងតាំងជាប្រធានស្តីទី។ ជាងនេះទៅទៀត CRPH កំពុងស្វែងរកការទទួលស្គាល់ជាអន្តរជាតិថា ជារដ្ឋាភិបាលត្រឹមត្រូវរបស់មីយ៉ាន់ម៉ា។
នៅក្នុងសុន្ទរកថានៅលើបណ្តាញសង្គមហ្វេសប៊ុកលោក Mahn Win Khaing Than បាននិយាយថា “នេះជាពេលវេលាសម្រាប់ប្រជាពលរដ្ឋរបស់យើងសាកល្បងការតស៊ូរបស់ពួកគេប្រឆាំងនឹងខណៈពេលដ៏ខ្មៅងងឹតនេះ“។ “ដើម្បីបង្កើតលទ្ធិប្រជាធិបតេយ្យសហព័ន្ធ ដែលបងប្អូនជនរួមជាតិទាំងអស់ ដែលកំពុងរងនូវការជិះជាន់ផ្សេងៗពីរបបផ្តាច់ការរាប់ទសវត្ស…បដិវត្តនេះ គឺជាឱកាសដែលយើងអាចខិតខំប្រឹងប្រែងរួមគ្នា“។ “ទោះបីយើងមានភាពខុសគ្នាពីមុនក៏ដោយ នេះគឺជាពេលវេលាដែលយើងត្រូវចាប់ដៃគ្នាដើម្បីបញ្ចប់របបផ្តាច់ការដើម្បីភាពសុខសាន្ត” ។
យ៉ាងណាម៉ិញ យោធាបានចាត់ទុក CRPH ជាក្រុមខុសច្បាប់មួយ ដោយព្រមានថា នរណាម្នាក់ដែលសហការណ៍ជាមួយពួកគេនឹងប្រឈមមុខនឹងការចោទប្រកាន់ពីការក្បត់ជាតិ។