WASHINGTON/KABUL៖ មន្រ្តីការពារជាតិអាមេរិកម្នាក់បានដកស្រង់សម្តីចារកម្មអាមេរិកថា ក្រុមយុទ្ធជនតាលីបង់អាចវាយបែករដ្ឋធានីរបស់អាហ្វហ្គានីស្ថាន ក្នុងរយៈពេល ៣០ ថ្ងៃ ហើយអាចគ្រប់គ្រងបានក្នុងរយៈពេល ៩០ ថ្ងៃ ខណៈដែលក្រុមសកម្មប្រយុទ្ធនេះបានងើបឡើងវិញ ហើយបានធ្វើឱ្យមានការរីកចម្រើនបន្ថែមទៀតនៅទូទាំងប្រទេស។
មន្រ្តីរូបនេះនិយាយជាមួយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក្នុងលក្ខខណ្ឌអនាមិក កាលពីថ្ងៃពុធ បានអោយដឹងថា ការវាយតម្លៃថ្មីអំពីរយៈពេលដែលរដ្ឋធានីកាប៊ុល អាចឈរបានគឺជាលទ្ធផលនៃការកើនឡើងយ៉ាងឆាប់រហ័សរបស់ក្រុមតាលីបង់ នៅពេលកងកម្លាំងបរទេសដឹកនាំដោយអាមេរិកបានចាកចេញ។ “ប៉ុន្តែនេះមិនមែនជាការសន្និដ្ឋានជាមុនទេ” ដោយនិយាយទៀតថា កម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន អាចបញ្ច្រាសសន្ទុះនេះដោយដាក់កម្លាំងទប់ទល់បន្ថែមទៀត។
ជាមួយគ្នានេះដែរ មន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុប ក៏បាននិយាយនៅថ្ងៃអង្គារនេះថា ក្រុមអ៊ីស្លាមគ្រប់គ្រងអាហ្វហ្កានីស្ថានចំនួន ៦៥% ហើយបានកាន់កាប់ ឬគំរាមកំហែងដណ្តើមយករាជធានីខេត្តចំនួន ១១ ។ ក្រុង Faizabad នៅខេត្ត Badakhshan ភាគឥសានប្រទេស កាលពីថ្ងៃពុធ បានក្លាយជាទីរួមខេត្តទី ៨ ដែលត្រូវបានក្រុមតាលីបង់រឹបអូសបាន។
ជាក់ស្តែង វេជ្ជបណ្ឌិតម្នាក់ដែលមានមូលដ្ឋាននៅភាគខាងត្បូង Kandahar បាននិយាយថា ការប្រយុទ្ធគ្នាគឺខ្លាំងក្លាបំផុតនៅក្នុងទីក្រុង Kandahar ។ ទីក្រុងនេះបានទទួលសាកសពជាច្រើនរបស់កងកម្លាំងអាហ្វហ្គានីស្ថាន និងក្រុមតាលីបង់ដែលរងរបួសមួយចំនួន។
គួររំលឹកថា ប្រភពសន្តិសុខខាងលិច បានអោយដឹងថា គ្រប់ច្រកចេញចូលក្រុងកាប៊ុល ដែលស្ថិតនៅក្នុងជ្រលងភ្នំព័ទ្ធជុំវិញដោយភ្នំ ត្រូវបានជនស៊ីវិលភៀសខ្លួនចេញពីអំពើហិង្សា។ ប្រភពនោះទៀតសោដក៏និយាយថា វាពិបាកក្នុងការប្រាប់ ថាតើក្រុមសកម្មប្រយុទ្ធតាលីបង់បានឆ្លងកាត់ដែរឬទេ។ NR