បរទេសl៖ អ្នកនាំពាក្យតាលីបង់ លោក Suhail Shaheen បាននិយាយថា មន្រ្តីជាន់ខ្ពស់តាលីបង់បានជួបប្រជុំគ្នានៅទីក្រុងកាប៊ុល កាលពីថ្ងៃអាទិត្យ ជាមួយអគ្គនាយករងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ ដែលបានសន្យាថា នឹងរក្សាជំនួយឧបត្ថម្ភសម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន។

លោក Mullah Abdul Ghani Baradar ប្រធានការិយាល័យនយោបាយរបស់តាលីបង់និងមន្រ្តីផ្សេងទៀតបានជួប លោក Martin Griffiths ខណៈអាហ្វហ្គានីស្ថានប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដ៏មហន្តរាយដែលបង្កឡើងដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងសេដ្ឋកិច្ចដួលរលំ។


លោក Suhail Shaheen បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “គណៈប្រតិភូអង្គការសហប្រជាជាតិបានសន្យាបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនអាហ្វហ្គានីស្ថានដោយនិយាយថា លោកនឹងអំពាវនាវរកជំនួយបន្ថែមដល់អាហ្វហ្គានីស្ថានក្នុងអំឡុងពេលកិច្ចប្រជុំនៃប្រទេសម្ចាស់ជំនួយនាពេលខាងមុខនេះ” ។ ជាងនេះទៅទៀត លោកក៏បានបន្ថែមថា ក្រុមតាលីបង់បានធានាដល់គណៈប្រតិភូអង្គការសហប្រជាជាតិនូវ “កិច្ចសហប្រតិបត្តិការនិងការផ្តល់គ្រឿងបរិក្ខារចាំបាច់” ផងដែរ។


ជាក់ស្តែង អាហ្វហ្គានីស្ថានដែលជាប្រទេសក្រីក្របំផុតមួយនៅលើពិភពលោកបានធ្លាក់ចូលទៅក្នុងវិបត្តិដោយការបញ្ចប់ជំនួយបរទេសរាប់ពាន់លានដុល្លារភ្លាមៗបន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលដែលគាំទ្រដោយលោកខាងលិច និងជ័យជំនះរបស់ក្រុមតាលីបង់កាលពីខែមុន។

ជាមួយគ្នានេះផងដែរ អង្គការសហប្រជាជាតិត្រូវបានគេរំពឹងថានឹងរៀបចំសន្និសីទជំនួយអន្តរជាតិនៅទីក្រុងហ្សឺណែវ នៅថ្ងៃទី ១៣ ខែកញ្ញា ដើម្បីជួយបញ្ចៀសនូវមហន្តរាយមនុស្សធម៌កំពុងកើតមានឡើង។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ