ទីក្រុងបាងកក៖ កងទ័ពថៃបានបដិសេធក្នុងការផ្គត់ផ្គង់អង្ករដល់អង្គភាពរបស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសមីយ៉ាន់ម៉ា ហើយបាននិយាយកាលពីថ្ងៃសៅរ៍ (ទី២០ មីនា) ថា ស្បៀងអាហារដែលត្រូវបានបញ្ជូនឆ្លងកាត់ព្រំដែនគឺជា ផ្នែកមួយនៃពាណិជ្ជកម្មតាមធម្មតា។

ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា កងទ័ពថៃបានផ្គត់ផ្គង់អង្ករ ៧០០ បាវ ដល់អង្គភាពកងទ័ពមីយ៉ាន់ម៉ានៅតាមព្រំដែនភាគខាងកើតប្រទេសមីយ៉ាន់ម៉ា នេះបើតាមការដោយដកស្រង់សំដីមន្ត្រីសន្តិសុខដែលមិនស្គាល់អត្តសញ្ញាណម្នាក់និយាយថា វាស្ថិតនៅលើបទបញ្ជារបស់រដ្ឋាភិបាលថៃ។

ឆ្លើយតបនឹងរឿងនេះ លោកឧត្តមសេនីយ៍ អាំណាត ស្រ៊ីម៉ាក់ (Amnat Srimak) មេបញ្ជាការនៃកងកំលាំង Naresuan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “កងទ័ពថៃមិនបានផ្គត់ផ្គង់កងទ័ពមីយ៉ាន់ម៉ាទេ ហើយក៏មិនមានការទាក់ទងណាមួយពីកងទ័ពមីយ៉ាន់ម៉ាដែលស្នើសុំជំនួយ ឬទាមទារជំនួយពីយើងដែរ ពីព្រោះពួកគេមានកិត្តិយសផ្ទាល់ខ្លួន” ។ លោកបន្តថា “ប្រសិនបើមានអ្វី ខ្ញុំគិតថាវាជាការធ្វើពាណិជ្ជកម្មទូទៅនៅច្រកព្រំដែនដោយធម្មតា។ យើងមិនរារាំងរឿងនេះទេ ប្រសិនបើការប្រព្រឹត្ដនោះមិនប្រឆាំងនឹងច្បាប់ និងអនុវត្តតាមនីតិវិធីគយ”។

យ៉ាងណាម៉ិញ អ្នកនាំពាក្យរដ្ឋាភិបាលថៃមិនបានឆ្លើយតបភ្លាមៗទៅនឹងការស្នើសុំការអត្ថាធិប្បាយទេ។ កងទ័ពមីយ៉ាន់ម៉ា ក៏មិនបានឆ្លើយតបការហៅទូរស័ព្ទដើម្បីស្វែងរកការអត្ថាធិប្បាយដូចគ្នាដែរ។

ប្រព័ន្ធផ្សព្វផ្សាយថៃបានបង្ហាញរូបភាពនូវអ្វីដែលមើលទៅដូចជាថង់អង្ករកំពុងត្រូវបានគេដឹកចូលទៅក្នុងឡានដឹកទំនិញនៅព្រំដែន។ រូបភាពដែលគេឃើញដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានបង្ហាញបុរសខ្លះ ស្លៀកពាក់ឯកសណ្ឋាន ឆ្លងកាត់ប្រទេសថៃនិងត្រូវបានត្រួតពិនិត្យសីតុណ្ហភាពរបស់ពួកគេ។

គួរបញ្ជាក់ថា ចលនារវាងប្រទេសថៃ និងមីយ៉ាន់ម៉ាត្រូវបានរឹតត្បិតយ៉ាងខ្លាំងចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាតដោយមានពាណិជ្ជកម្មមានកំណត់។ អ្នកស្រុកបានប្រាប់អ្នកយកព័ត៌មានរ៉យទ័រថា ការឆ្លងកាត់ដែលបង្ហាញនៅក្នុងរូបភាពមិនមែនជាផ្លូវពាណិជ្ជកម្មធម្មតាទេ។

គួររំលឹកផងដែរថា យោធាមីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងការថ្កោលទោសពីអន្តរជាតិជុំវិញការធ្វើរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ និងការបង្ក្រាបដោយបង្ហូរឈាមទៅលើបាតុកម្មប្រឆាំងនឹងការគ្រប់គ្រងយោធាដែលមនុស្សជិត ២៥០ នាក់ត្រូវបានសម្លាប់។ ជាមួយគ្នានេះដែរ ប្រទេសថៃបានសម្តែងការព្រួយបារម្ភចំពោះការបង្ហូរឈាមនេះ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ