ម៉ានីល៖ មេដឹកនាំប្រទេសហ្វីលីពីន លោក Ferdinand Marcos Jr បានសរសើរការធ្វើដំណើរក្រៅប្រទេសលើកដំបូងរបស់លោកថា ជាជោគជ័យដែលធានាបាននូវការសន្យាវិនិយោគចំនួនទឹកប្រាក់ ១៤ ពាន់លានដុល្លារ ខណៈដែលកូនប្រុសរបស់មេដឹកនាំចុងក្រោយរបស់ប្រទេសនេះសម្លឹងមើលពីកំណើនសេដ្ឋកិច្ចរបស់ប្រទេស ដែលជាការចាប់ផ្តើមដ៏ខ្លាំងក្លារបស់លោកក្នុងតំណែងជាប្រធានាធិបតី ។

ក្នុងអំឡុងដំណើរទស្សនកិច្ចនៅសប្តាហ៍នេះទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី លោក Ferdinand Marcos Jr បានជួបជាមួយមេដឹកនាំ រដ្ឋាភិបាល និងផ្នែកពាណិជ្ជកម្ម ហើយបានប្រកាសថា ប្រទេសហ្វីលីពីនបើកចំហសម្រាប់អាជីវកម្ម ដោយបានអញ្ជើញក្រុមហ៊ុនឯកជនដើម្បីធ្វើការអភិវឌ្ឍន៍ ដោយពង្រីកផ្លូវថ្នល់ អាកាសយានដ្ឋាន និងកំពង់ផែសមុទ្រ នៅក្នុងប្រជុំកោះដែលមានប្រជាជន ១១០ លាននាក់ នេះ អោយប្រសើរឡើង។

លោក Ferdinand Marcos Jr ដែលបានធ្វើដំណើរជាមួយមន្ត្រីកំពូលនៃក្រុមសេដ្ឋកិច្ចរបស់លោកបាននិយាយថា លោកបានទទួលការសន្យាវិនិយោគលើថាមពលកកើតឡើងវិញ មជ្ឈមណ្ឌលទិន្នន័យ ពាណិជ្ជកម្មអេឡិចត្រូនិក បច្ចេកវិទ្យាអ៊ីនធឺណេត ក៏ដូចជា វិមានរបស់រដ្ឋាភិបាល និងវិស័យកសិកម្មជាដើម។

ជាក់ស្តែង លោក Ferdinand Marcos Jr បាននិយាយនៅពេលត្រឡប់មកវិញរបស់លោកកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា "នេះនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចរបស់ប្រទេសរបស់យើង និងបង្កើតការងារបន្ថែមទៀតសម្រាប់ប្រជាជនហ្វីលីពីននៅទីនេះក្នុងប្រទេសរបស់យើង" ។ "យើងទន្ទឹងរង់ចាំធ្វើការងារលម្អិតដែលចាំបាច់ដើម្បីនាំយកសំណើទាំងអស់នេះឱ្យទទួលបានផ្លែផ្កា"។

គួរបញ្ជាក់ថា លោក Ferdinand Marcos Jr ចង់កែលម្អវិស័យកសិកម្ម ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលស្បៀងអាហារ និងពង្រីកសេដ្ឋកិច្ចឱ្យបាន ៨% ក្នុងអំឡុងពេលអណត្តិ ៦ឆ្នាំ របស់លោក និងកាត់បន្ថយអត្រាភាពក្រីក្រពាក់កណ្តាល ដែលស្មើនឹង ១៨.១% ក្នុងឆ្នាំ២០២១។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ