ម៉ានីល៖ អាជ្ញាធរតំបន់បាននិយាយថា ការរញ្ជួយដីកម្រិត ៦,៥ រ៉ិចទ័រ បានវាយប្រហារខេត្ត Mindoro នៅលើកោះ Luzon ដ៏សំខាន់មួយក្នុងប្រទេសហ្វីលីពីន ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ពីការខូចខាត ឬអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរណាមួយត្រូវបានរាយការណ៍ឡើយ រហូតមកដល់ពេលនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bangkok Post នៅថ្ងៃទី ១៥ មិថុនា ២០២៣។

មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាឡឺម៉ង់ (ហៅកាត់ GFZ) បាននិយាយថា ការរញ្ជួយដីនេះ ត្រូវបានគេមានអារម្មណ៍ដឹងផងដែរនៅក្នុងរដ្ឋធានីម៉ានីល និងខេត្តនានានៅក្បែរនោះ គឺនៅជម្រៅ ១០ គីឡូម៉ែត្រ (ប្រហែល ៦,២១ ម៉ាយល៍) ។

ដំបូងឡើយ ទីភ្នាក់ងាររញ្ជួយដីហ្វីលីពីនបានកត់ត្រាការរញ្ជួយដីកម្រិត ៦,២ រ៉ិចទ័រ ប៉ុន្តែក្រោយមកបានកែប្រែវាទៅជា ៦,៣ រ៉ិចទ័រ វិញ ។ គេក៏រំពឹងថានឹងមានការខូចខាតបន្ទាប់ពីការរញ្ជួយដីនេះ។

ជាមួយគ្នានេះដែរ ក្រសួងដឹកជញ្ជូនបាននិយាយថា ប្រតិបត្តិការនៃខ្សែរថភ្លើងចំនួនបី ក្នុងទីក្រុងម៉ានីលត្រូវបានបញ្ឈប់ដោយសារតែការរញ្ជួយដី។

ជាងនេះទៅទៀត ភ្លើងពិដានត្រូវបានគេឃើញញ័រនៅសណ្ឋាគារមួយក្នុងសង្កាត់ពាណិជ្ជកម្មមួយក្នុងទីក្រុងម៉ានីល ដែលប្រធានាធិបតី លោក Ferdinand Marcos Jr កំពុងនិយាយជាមួយអ្នកសារព័ត៌មានបន្ទាប់ពីបានចូលរួមវេទិកាពាណិជ្ជកម្មអន្តរជាតិ៕ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ